(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៉ី ក្នុងការរៀបចំរដ្ឋប្រហារខុសច្បាប់នៅកម្ពុជានោះ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានសារភាពថា លោកស្រីពិតជាត្រូវនគរបាលអន្តោរប្រវេសថៃ មិនអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសថៃពិតប្រាកដមែន។
លោកស្រី មូរ សុខហួរ បានអះអាងបែបនេះ ប្រាប់ដល់វិទ្យុអាស៊ីសេរី ដែលជាប្រព័ន្ធឃោសនាមួយគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់។ លោកស្រី មូរ សុខហួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងប្រទេសថៃ ក៏ជាការខិតខំរបស់យើង ប្រទេសម៉ាឡេក៏ជាការខិតខំរបស់យើង ប្រទេសឥណ្ឌូនេស៊ី ទាំងអស់ដែលជាច្រកយើងអាចចូលទៅប្រទេសរបស់យើងវិញ ដូច្នេះរឿងដែលគេមិនឱ្យខ្ញុំចូលគឺជាការពិត»។
សូមបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយទណ្ឌិត សម រង្ស៉ី។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ មួរ សុខហួរ បានចេញដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីម៉ោង ០៣៖០៤រសៀលនាទី (តាមជើងយន្តហោះ MH782) ហើយបានមកដល់ទីក្រុងបាងកក នៅម៉ោង៤៖៣៤រសៀល។
លោក កេត សោផាន់ បាន់បញ្ជាក់់ថា «ពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យ នគរបាលអន្តោប្រវេសន៍ថៃ បានហាមឃាត់មិនឲ្យចូលដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ។ សមត្ថកិច្ចថៃក៏បានចារពាក្យហាមឃាត់មិនឲ្យចូលលើលិខិតឆ្លងដែនរបស់ឈ្មោះ មួរ សុខហួរ។ ឈ្មោះមួរ សុខហួរ បានចាកចេញពីថៃ ទៅម៉ាឡេស៊ីវិញ នៅម៉ោង ៨៖១០នាទីយប់ តាមជើងហោះហើរ MH781»។
លោកស្រី មូរ សុខហួរ ជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ គឺជាបុគ្គលសំខាន់មួយរូប ក្នុងការចូលរួមរៀបចំផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
ជាមួយនឹងការប្រកាសអំពីផែនការផ្តួលរំលំ តាមរយៈការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសយ៉ាងគឃ្លើនប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដោយរៀបចំផ្តល់ថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំរបស់ខ្លួន ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រ ឱ្យដាក់រាជថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីខែមុននោះ បានបញ្ជូនសាលដីកាអំពីការចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួកទៅកាន់ ប្រទេសជាសមាជិកអាស៊ានទាំងអស់រួចហើយ។
អាជ្ញាធរឡាវ និងថៃ បានប្រកាសជំហរផងដែរថា នឹងមិនអនុញ្ញាតឱ្យក្រុមណាមួយ ដោយសំដៅលើក្រុមរបស់ទណ្ឌិត សម រង្ស៉ី ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើរដ្ឋប្រហារប្រឆាំងប្រទេសកម្ពុជានោះឡើយ។
ផ្អែកតាម មាត្រា២ នៃធម្មនុញអាស៊ាន បានចែងថា រដ្ឋជាសមាជិកអាស៊ាន មិនត្រូវចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ គំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ានណាមួយឡើយ៕