សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យម្ចាស់ Facebook ឈ្មោះ «សែនកំសត់» បញ្ឈប់ការយកឈ្មោះកូន ហ៊ុន កំសត់ របស់សម្តេចមកលេងសើច និងឈប់បោកប្រាស់ទៀតទៅ (Video inside)
22-10-2019 21:56
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសារ Comment នៅលើ Facebook ផ្លូវការរបស់សម្តេចនាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចបានស្នើឲ្យអ្នកលេង Facebook ម្នាក់ឈ្មោះ «សែនកំសត់» ដែលតែងតែបោកប្រាស់សម្តេចនៅលើ Facebook ថា ជាកូនកំសត់របស់សម្តេចចាប់ជាតិ។ ករណីនេះសម្តេច សូមបញ្ឈប់ការយកកូនកំសត់របស់សម្តេច (ហ៊ុនកំសត់) មកលេងសើចជាមួយសម្តេច និងឈប់បោកប្រាស់តទៀតទៅ។
តាមរយៈសារ Comment របស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងម្ចាស់ Facebook មួយឈ្មោះ «សែនកំសត់» មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមបញ្ឈប់ការយកកូនដ៏កំសត់របស់ខ្ញុំមកលេងសើចជាមួយខ្ញុំទៀតទៅ។ គិតមកដល់ពេលនេះមានរាប់សិបនាក់ហើយ ដែលអះអាងថា ជាកំសត់ចាប់ជាតិដែលនេះជាការភូតកុហក ដែលមិនគួរកើតមាន។ អ្នកសសេរចង់និយាយថា ខ្ញុំគ្មានយុត្តិធម៍ចំពោះកូនរបស់ខ្ញុំដែលស្លាប់ទៅ ខ្ញុំគ្រាន់តែប្រាប់លោកថា ជិត៤៣ឆ្នាំមកនេះខ្ញុំស្រក់ទឹកភ្នែក រហូតពេលដែលខ្ញុំនឹកឃើញដល់កូនខ្ញុំដែលស្លាប់យ៉ាងវេទនា។ លោកឈប់បោកប្រាស់ខ្ញុំតាម Facebook ទៀតទៅ ហើយលោកក៏ត្រូវដឹងថា ខ្ញុំជាមនុស្សមិនមែនជាសត្វឱ្យលោកប្រមាថទេ»។
សារឆ្លើយតបរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីម្ចាស់ហ្វេសប៊ុកឈ្មោះ «សែនកំសត់» បានបង្ហោះរូបភាពផ្នូរកូនរបស់សម្តេចឈ្មោះ ហ៊ុន កំសត់ និងបានសរសេរខ្លឹមសារថា «យុត្តិធម៌សំរាប់់កូនម្នាកនេះនៅត្រុងណាទៅសម្តេច»។ (ដូចមានរូបភាពខាងក្រោម)
សារឆ្លើយតបរបស់សម្តេច បានធ្វើឡើងនៅក្នុង Comment នៃសាររបស់សម្តេចទើបង្ហោះនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីដកថ្លៃសេវាប្រមូល សំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី ចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ៕