(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់តម្លៃនៃការងារមនុស្សធម៌ឱ្យកាន់តែប្រសើរ និងជាប្រយោជន៍ជួយដល់ពលរដ្ឋកម្ពុជាយើង ដែលកំពុងត្រូវការជួយសង្គ្រោះពីភាពលំបាកផ្សេងៗ ដូចជាគ្រោះមហន្ដរាយជាដើម កាកបាទក្រហមកម្ពុជា និងអាយ.ស៊ី.អរ.ស៊ី បានអំពាវនាវរួមគ្នា ដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ស្វែងការប្រើប្រាស់
និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឱ្យត្រឹមត្រូវ។
ស្ថាប័នដែលអាចប្រើបដិរូប របស់កាកបាទក្រហម ឬអឌ្ឍចន្ទក្រហមបាន គឺត្រូវប្រើប្រាស់សមស្របទៅច្បាប់អន្ដរមនុស្សអន្ដរជាតិ ។ជាពិសេស ការពារជនណាដែលធ្វើតាមទំនើងចិត្ដ ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ ពុំមានការផ្ដល់សិទ្ធិប្រើប្រាស់បដិរូបកាកបាទក្រហម ឬអឌ្ឍចន្ទក្រហម សញ្ញាណសម្គាល់ផ្សេងៗរូបភាព ដែលធ្វើឱ្យមានការភ័ន្ដច្រឡំ ពិសេសយកទៅប្រើប្រាស់ខុសគោលដៅ ដែលនឹងផ្ដល់ប៉ះពាល់ដល់ការងារមនុស្សធម៌ និងប្រយោជន៍របស់ពលរដ្ឋយើងផងដែរ។
នេះបើតាមការបញ្ជាក់រួមគ្នា របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងតំណាង អាយ.ស៊ី.អរ.ស៊ី (ICRC) លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ក្នុងឱកាសបើកវគ្គផ្សព្វផ្សាយអំពី បដិរូប និងច្បាប់មនុស្សធម៌អន្ដរជាតិ ជូនដល់អ្នកសារព័ត៌ជាតិមកពីបណ្ដាស្ថាប័ននានាប្រមាណជិត៤០នាក់ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី ។
ក្នុងឱកាសនោះផងដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងពីចំនុចសំខាន់ក្នុងការប្រើប្រាស់នូវបដិរូប ឱ្យបានត្រឹមត្រូវ ដើម្បីចៀសផុតផលពីអាក្រក់ណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្ដិនាមកាកបាទក្រហមកម្ពុជា ជាពិសេស កុំឱ្យជនខិតខូចណាមួយ យកបដិរូប របស់កាកបាទក្រហមអឌ្ឍចន្ទក្រហម និងគ្រីស្ដាល់ក្រហម យកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយប៉ះពាល់ផលប្រយោជន៍របស់ជាតិ និងប្រជាជន។
បើមានជនណាដែលយកទៅប្រើប្រាស់ខុស ក្លែងបន្លំ តាមទំនើងចិត្ដ ដែលធ្វើឱ្យមានការភ័ន្ដច្រលំ ដោយមិនគិតទៅដល់គោលបំណងនៃការប្រើប្រាស់នោះ នឹងត្រូវផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ជាធរមានផងដែរ។
ទន្ទឹមនឹងនោះ លោកស្រីអគ្គលេខាធិការរងទី១ និងតំណាង អាយ.ស៊ី.អរ.ស៊ី ក៏បានលើកនូវគោលការណ៍គ្រឹះទាំង៧ ដែលតែងតែបានអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួនផងដែរ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូរ របស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ រួមមាន៖ ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជ្យភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។
ជាងនេះទៅទៀត កាកបាទក្រហមកម្ពុជា ជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ជាពិសេស ដល់ចាស់ជរាឥតទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរុំារៃ ស្ដ្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ដ្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្ដរាយផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង មិនទុក្ខនរណាម្នាក់ចោល ដោយមិនទទួលបានការជួយសង្គ្រោះនោះទេ៕