(មណ្ឌលគិរី)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ ឈ្មោះ ភួង កំសាន្ត ភេទប្រុស អាយុ៤០ឆ្នាំ ក្រោយជននេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការបំផុសចលនាមហាជន ឲ្យចូលរួមផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ តាមការរៀបចំរបស់ទណ្ឌិត សម រង្ស៉ី។
សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះថា ជនត្រូវចោទឈ្មោះ ភួង កំសាន្ត ត្រូវបានអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ២៩១ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ពីបទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងនឹងសកម្មភាពរបស់ជនត្រូវចោទព្រមទាំងគូកន ដែលបានកៀរគរ និងបំផុតបំផុលឲ្យមហាជន ចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃកម្ពុជា ក្រោមឧបាយកលជា «ផែនាករនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៊ី»។
អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ភួង កំសាន្ត ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តមណ្ឌលគិរី តាមដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្នលេខ ១១៨ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩៕