(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតី បើកការដ្ឋានសាងសង់ ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៤០៥ម៉ែត្រ, ទទឹង ៨ម៉ែត្រ កំរ៉ាស់ ០,១៥ម៉ែត្រ ស្ងិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត តភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៣ ទៅផ្លូវវាងក្រុងកំពត(ហៅផ្លូវម្លប់ឬស្សី)។
ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្ថាប័នសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការរដ្ឋបាលខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋក្នុងក្រុងកំពត សរុប៣៥០នាក់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា ការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបការលំបាក និងរួមចំណែកកែលម្អសោភណ្ឌភាពក្នុងក្រុងយើងផងដែរ។
អភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលក្រុងកំពតសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុង-សង្កាត់ទាំង៥ ពិសេសការចូលរួម និងសហការបានល្អ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ត្រូវធានាឲ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឲ្យបានហ្មត់ចត់បំផុត។
លោកបានស្នើដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការ និងយោគយល់អធ្យាស្រ័យ ប្រសិនបើមានផលប៉ះពាល់ដោយប្រការណាមួយ និងពិបាកធ្វើដំណើរក្នុងរយះពេលសាងសង់នេះ។
លោក ជាវ តាយ ក៏បានណែនាំដល់អាជ្ញាធរ ក្រុង និងសង្កាត់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ រួមនិងសប្បុរសជន និងប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ដើម្បីជំរុញដំណើរការសាងសង់ផ្លូវ១ខ្សែនេះ ឲ្យបានហើយ លឿនរហ័សនៅពេលឆាប់ៗថ្ងៃខាងមុខនេះ៕