(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញបិទមហាសន្និបាតសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តកំពត ដែលអង្គសន្និបាត ប្រព្រឹត្តទៅរយៈពេលមួយថ្ងៃកន្លះ ដោយមានសមាជិកចូលរួមពីសំណាក់ប្រធាន និងសមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ស្ថិតនៅក្នុងទូទាំងខេត្តកំពត។
លោក ជាវ តាយ បានលើកឡើងថា មហាសន្និបាតលើកទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នាឱកាសនេះ ជាសក្ខីភាពដែលបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកំពត ក្នុងការបន្តនូវចីរភាពនៅក្នុងអង្គការមួយ ដែលជាតំណាងសំឡេង និងការពារផលប្រយោជន៍រួម ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈអភិបាលកិច្ច តាមបែបវិមជ្ឈការនិងសហវិមជ្ឈការ ដើម្បីអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ។
មហាសន្និបាតលើកទី១ អាណត្តិទី៣ នៅពេលនេះ គឺជាឱកាសកាសសមាគមបានបង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ និងសង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកំពត។
លោក ជាវ តាយ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុកឃុំសង្កាត់ ក្នុងខេត្តកំពតដែលបានខិតខំបំពេញ ភារកិច្ច ក្នុងរយៈកាល ៥ឆ្នាំកន្លងមកផងដែរ។
អង្គសន្និបាតអាណត្តិទី៣នេះ បានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ គឺពិនិត្យកែសម្រួល និងអនុម័តសេចក្ដីព្រាង និងលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង របស់សមាគម និងដំណើរការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចរបស់ សមាគមសម្រាប់អាណត្តិទី៣ មានជាអាទិ៍ប្រធានអនុប្រធានសមាជិកក្រុមប្រឹក្សា និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សមាគម អ្វីដែលសំខាន់ទៀតនោះនៅពេលដែលមហាសន្និបាតនេះបញ្ចប់ក៏នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១របស់សមាគមអណត្តិទី៣ ដែលលើកឡើងអំពីការពិនិត្យអនុម័តផែនការអំពីសកម្មភាពថវិកា ឆ្នាំ២០២០ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពត ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន២០១៩ -២០២៣ ការជ្រើសរើស និងអនុម័តតំណាងប្រតិភូរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកំពត ចូលជាក្រុមប្រឹក្សាជាតិនៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលរដ្ឋ៕