(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី «ស្ត្រី និងទីក្រុងស្អាត ស្រ្តីនិងការអភិវឌ្ឍបៃតង ក្នុងវិស័យទេសចរណ៍» បានថ្លែងថា ដើម្បីឲ្យទីក្រុងបានស្អាតល្អ ត្រូវមានការចូលរួម និងផ្តើមចេញពីយើងទាំងអស់គ្នា ព្រោះវាមិនមែនជាសមត្ថកិច្ចរបស់នរណាម្នាក់ឡើយ។
សិក្ខាសាលាដែលបានរៀបចំឡើងនៅ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ មានកិច្ចសហការពីសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ដែលមានអ្នកចូលរួម ជាង៣០០នាក់ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីការចូលរួមរបស់ស្ត្រី ក៏ដូចជាពលរដ្ឋទូទៅក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភ័ណភាពទីក្រុងភ្នំពេញ និងការពង្រឹងសេវាកម្មសម្រាប់ត្រៀមអបអរស្វាគមន៍បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ -១១-១២ ខែវិច្ឆិកា នាពេលខាងមុខនេះ។
លោកស្រី ហ៊ុន ដានី បានបញ្ជាក់ទៀតថា ថ្វីត្បិតតែសិក្ខាសាលាថ្ងៃនេះ បានពន្លេចពីតួនាទីស្ត្រីក្នុងសកម្មភាពទីក្រុងស្អាត និងការអភិវឌ្ឍបៃតង ប៉ុន្តែវាក៏ជាវេទិកា បញ្ជ្រាបការយល់ដឹងសាធារណៈដើម្បីឲ្យពលរដ្ឋទូទៅមានការយល់ដឹង និងចូលរួមទាំងអស់គ្នាឲ្យបានកាន់តែច្រើន ដើម្បីឲ្យទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត និងគ្រប់ទីកន្លែងមានភាពស្អាត អនាម័យ និងមានសណ្តាប់ធ្នាប់ល្អ សក្តិសមជាពលរដ្ឋស៊ីវីល័យ។
លើសពីនេះ គោលបំណងធំសម្រាប់សិក្ខាសាលាថ្ងៃនេះ គឺផ្សព្វផ្សាយដល់គ្រប់អ្នកពាក់ព័ន្ធ មានធុរជន ប្រតិបត្តិករ សេវាករទេសចរណ៍ យុវជន សិស្ស និស្សិត ឲ្យមានការត្រៀមខ្លួននៅក្នុងកិច្ចការ ឬសេវាកម្មរបស់ខ្លួនសម្រាប់ទទួលអ្នកទេសចរ និងប្រជាពលរដ្ឋ ដែលនឹងមកលេងកម្សាន្តព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ។
លោកស្រី បានបញ្ជាក់ទៀតថា ក្នុងនាមជាម្ចាស់ផ្ទះដែលត្រូវទទួលភ្ញៀវ គឺយើងតែងតែមានការរៀបចំមានការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដូចជាការសម្អាតផ្ទះ រៀបចំផ្ទះ ការទទួលបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ កន្លែងហូបចុក រាប់ទាំងសន្តិសុខសុវត្ថិភាពផងដែរ ដើម្បីឲ្យភ្ញៀវបានមកលេងប្រកបដោយភាពរីករាយ និងកក់ក្តៅ ដែលជារៀងរាល់ឆ្នាំ នៃព្រះរាជពិធីបុណ្យអុំទូក ទាំងអាជ្ញាធរ ទាំងគ្រប់ផ្នែកពាក់ព័ន្ធមានការរៀបចំបានល្អ និងមានការបំពាក់ធុងសំរាម នៅតាមសួនច្បារមាត់ទន្លេ ក៏ដូចជាតាមទីសាធារណៈទោះយ៉ាងនេះក្តី យើងនៅតែឃើញមានការពង្រាយសំរាម កាកសំណល់វេចខ្ចប់ ដោយមិនបោះចូលក្នុងធុងសំរាមឡើយ។
ក្នុងន័យនេះ លោកស្រីគូសបញ្ជាក់ថា បញ្ហានេះមិនបន្ទោស ឬទម្លាក់កំហុសទៅលើអ្នកណាម្នាក់ទេ អ្វីដែលសំខាន់ចំពោះមុខ គឺខិតខំធ្វើ ខិតខំផ្សព្វផ្សាយ ខិតខំពន្យល់ អប់រំ និងបញ្រ្ជាបការយល់ដឹងសាធារណៈឲ្យបានទូលំទូលាយ សម្ដៅឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ ហើយងាកមកស្រឡាញ់បរិស្ថាន ស្រឡាញ់ទីក្រុង និងមានស្មារតីជាតិនិយម «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។
ជាមួយគ្នានេះ លោកស្រី ហ៊ុន ដានី ក៏បានផ្តល់ជាមតិមួយចំនួន ជូនដល់អង្គសិក្ខាផងដែរដូចជា៖
*ទី១៖ បន្តការបញ្ជា្របយល់ដឹងសាធារណៈអំពីទីក្រុងស្អាត ឲ្យបានកាន់តែទូលំទូលាយ
*ទី២៖ អភិវឌ្ឍន៍ ពង្រឹងគុណភាពផលិតផល និងសេវាកម្ម
*ទី៣៖ កុំចាត់ទុកពិធីបុណ្យជាឱកាស សម្រាប់តម្លើងថ្លៃសេវាផ្សេងៗ មានទាំងការស្នាក់នៅ ហូបចុកជ្រុលហួសហេតុ
*ទី៤៖ ចូលរួមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន ដោយយថាហេតុ (អំពើហិង្សា ការជួញដូរផ្លូវភេទ ការជួញដូរគ្រឿងញៀន។ល។
*ទី៥៖ ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលសំរាមពាសវាលពាសកាល
*ទី៦៖ ចូលរួមគោរពច្បាប់ចរាចរណ៍ ពង្រឹងសណ្តាប់ធ្នាប់ល្អ មានសីលធម៌ សុជីវធម៌ អត់ឱនអធ្យាស្រ័យចំពោះគ្នា៕