(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តរួមគ្នាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតាមមូលដ្ឋាន ដើម្បីឱ្យមានការរីកចម្រើន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកប ដោយសេចក្ដីសុខសាន្ដ មានជីវភាពកាន់តែប្រសើរបន្ថែមទៀត។
ការក្រើនរម្លឹកបែបនេះរបស់អភិបាលខេត្តបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលោកបានប្រកាសលោក ម៉ែន សោភ័ណ ចូលកាន់មុខតំណែងអភិបាលរង ស្រុកថ្មពួក ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្តយ៉ាងច្រើនផងដែរ។
ក្នុងឱកាសនោះដែរលោក អ៊ុ រាត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធក្នុងស្រុកទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍស្រុក ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមកនេះ។
ជាមួយនេះដែរ លោកក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះអភិបាលរងស្រុក ដែលទើបទទួលការតែងតាំងមុខតំណែងថ្មីត្រូវប្រកាន់ខ្ជាប់ នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានការផ្លាស់ប្តូររីកចម្រើនថែមទៀត។
ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការទប់ស្កាត់ និងបង្រ្កាបឱ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹង កិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយប្រទេសជិត ខាង គឺប្រទេសថៃ ជាពិសេសស្រុកដែលមានភូមិសាស្ត្រជាប់គ្នា ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការទប់ ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ ត្រូវបង្កើនការចុះធ្វើវេទិកាសាធារណៈស្តីពី គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបានទូលំទូលាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ហើយចូលរួមទាំងអស់គ្នា។
ការងារដែលសំខាន់ទៀតនោះ ហើយត្រូវតែរួមគ្នាគិត រួមគ្នាធ្វើក្នុងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន ទាន់ពេលវេលា ដើម្បីបង្កើនជំនឿរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅចូលរួមអភិវឌ្ឍន៍មូលដ្ឋានយើង ឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕