(អាមេរិក)៖ កម្ពុជា និងធនាគារពិពភលោក (WB) បានរៀបចំកិច្ចពិភាក្សាតុមូលពិសេសមួយស្ពីពី ការរៀបចំក្របខណ្ឌសេដ្ឋកិច្ច ឌីជីថលកម្ពុជា នៅទីស្នាក់ការកណ្តាល របស់ធនាគារពិភពលោក នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលធិនិរូបិយវត្ថុអន្តរជាតិ (WB-IMF Annual Meeting) ឆ្នាំ២០១៩នេះ នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។

កិច្ចពិភាក្សាតុមូលពិសេសនេះ ខាងភាគីកម្ពុជាដឹកនាំដោយលោក វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រៀបចំក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងខាងភាគីធនាគារពិភពលោក ដឹកនាំដោយលោកស្រី អនុប្រធានរបស់ធនាគារពិភពលោកចំនួន០២រូប គឺលោកស្រី Vicotria Kwakwa អនុប្រធានទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក និងលោកស្រី Ceylay Pazarba sioglu អនុប្រធានទទួលបន្ទុកផ្នែកកំណើនសមធម៌ ហិរញ្ញវត្ថុ និងស្ថាប័ន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញការ របស់ធនាគារពិភពលោក និងគណៈប្រតិភូមកពីប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។

គោលដៅបំណង នៃការរៀបចំកិច្ចប្រជុំតុមូលនេះដើម្បី៖

*ទី១៖ ធ្វើការពិភាក្សា និងពិគ្រោះយោបល់លើឯកសារទស្សនាទានរួម (Concept Note) នៃការរៀបចំក្របខណ្ឌគោល នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលបានរៀបចំដោយផ្ទាល់ ដោយក្រុមការងារ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
*ទី២៖ ស្វែងយល់ពីនិន្នាការ នៃសេដ្ឋកិច្ច ឌីជីថលនៅក្នុងតំបន់ និងពិភពលោក ដែលរួមមានទាំងកាលានុវត្តន៍ភាព បញ្ហាប្រឈម និងហានិភ័យ ពិសេសការផ្លាស់ប្តូរទស្សនវិស័យ មេរៀន និងបទពិសោធន៍របស់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកជាមួយនឹងជំនាញការចំណានៗរបស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។

លោក វង្សី វិស្សុត បានថ្លែងថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងដើម្បីអាចសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ប្រទេសកម្ពុជាពិត ជាមានភាពចាំបាច់ណាស់ក្នុងពេលនេះជាងពេលណាៗទាំងអស់ ក្នុងការចាប់យកនូវកាលានុវត្តន៍ភាព និងសក្តានុពលទាំងឡាយពីវិស័យបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណា ឱ្យវិស័យឌីជីថលអាចក្លាយទៅជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី និងដើម្បីប្រើប្រាស់វិស័យបច្ចេកវិទ្យាសម្រាប់ធ្វើការពង្រួញផ្លូវនិងពន្លឿនការអភិវឌ្ឍប្រទេស, ការបង្តើនផលិតភាព, ប្រសិទ្ធភាព និងភាពប្រកួតប្រជែង ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងមានស្រាប់ ក៏ដូចជាបញ្ហាប្រឈមនានា ដែលអាចកើតមាន ឡើងជាយថាហេតុ ដោយសារឥទ្ធិពល នៃការប្រើប្រាស់បច្ចេកវិទ្យាខាងលើ។

លោកបានបន្តថា ក្នុងស្មារតីនេះ, កាលពីដើមឆ្នាំ២០១៩ កន្លងទៅនេះ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាស្ថាប័នខួរក្បាលរបស់នាយករដ្ឋមន្រ្តី បានបង្កើតនូវក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជានៅក្នុងរយៈពេលវែង។ គិតមកទល់នឹងពេលនេះ ក្រុមការងារបានរៀបចំនូវឯកសារទស្សនាទានរួមមួយ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយផ្តោតលើអាទិភាព និងយុទ្ធសាស្រ្ត ដែលរួមមាន៖

*ទី១៖ ការរៀបចំ និងបង្តើតរដ្ឋាភិបាលឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បីម្យ៉ាងពង្រឹងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លភាពផង និងម្យ៉ាងវិញទៀត ដើម្បីបង្កើតនូវបរិស្ថាន និងជាឃ្នាស់សម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ផងដែរ
*ទី២៖ ការជំរុញវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា ខែ្សកាបអុបទិច ខ្សែកាបអុបទិកតាមបាតសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ និងការតភ្ជាប់បណ្តាញ សេវាដល់អ្នកប្រើប្រាស់ និងធុរកិច្ច ដើម្បីធ្វើឱ្យសេវាអ៊ិនធឺណែត កាន់តែមានល្បឿនលឿន ហើយថ្លៃកាន់តែថោកជាមុន និងមានវិសាលភាពអាចគ្របដណ្តប់ទូទាំងប្រទេស
*ទី៣៖ ការទាញយកប្រយោជន៍ជាអតិបរិមាពីវិស័យឌីជីថល តាមរយៈការបង្កើនអក្ខរកម្ម និងសមត្ថភាពឌីជីថល ពិសេសការអភិវឌ្ឍជំនាញឌីជីថល និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) *ទី៤៖ ការបង្កើតក្របខណ្ឌច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធផ្សេងៗ ពិសេសបទដ្ឋានស្តង់ដាមួយចំនួន ក្នុងគោលដៅពង្រឹងការគ្រប់គ្រងទិន្នន័យ, ការការពារទិន្នន័យឯកជន និងការទប់ស្តាត់បទល្មើស ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានជាដើម ។ល។ និង (៥).ការបង្កើតនូវថ្នាល និងប្រព័ន្ធ អេកូឡូស៊ី សម្រាប់លើកស្ទួយសហគ្រិនភាពនិងការបង្កើតធុរកិច្ចថ្មី (Startup)ក្នុងវិស័យឌីជីថល។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការមួយចំនួន ជាបន្តបន្ទាប់រួចហើយ ក្នុងគោលដៅបង្កើតនូវប្រព័ន្ធអេកូឡូស៊ីខាងលើនេះ ដូចជា៖

*ទី១៖ ការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)
*ទី២៖ ការបង្កើតនិងដាក់ឱ្យដំណើរ ការមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ
*ទី៣៖ ការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព (EPC)
*ទី៤៖ ការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ជាដើម។

នៅក្នុងកិច្ចប្រជុំតុមូលនេះ ក្រៅពីការពិភាក្សាលើឯកសារទស្សនាទានរួម នៃការរៀបចំក្របខណ្ឌគោល នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលធ្វើបទបង្ហាញ ដោយក្រុមការងារ របស់ភាគីកម្ពុជា, ភាគីកម្ពុជាក៏បានធ្វើការផ្លាស់ប្តូរទស្សន និងមតិយោបល់ផងលើបទបង្ហាញ របស់ជំនាញការជាន់ខ្ពស់ធនាគារពិភពលោក លើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការរៀបចំថ្នាលនិងប្រព័ន្ធអេកូឡូស៊ី សម្រាប់សហគ្រិនភាពឌីជីថល ពិសេសពាណិជ្ជកម្មអេឡិចត្រូវនិច (E-Commerce) ការរៀបចំក្របខណ្ឌច្បាប់ និងការទូទាត់ តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ក្នុងយុគសម័យឌីជីថល ព្រមទាំងអន្តរាគមន៍ និងអាទិភាពគោលនយោបាយ របស់ធនាគារពិភពលោក ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ជាដើម ។ល។ នៅក្នុងកិច្ចប្រជុំនេះ មន្រ្តីជំនាញការរបស់ធនាគារពិភពលោក បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការគិតគូរ និងការកំណត់យុទ្ធសាស្រ្ត និងអាទិភាពគោលនយោបាយទាំងឡាយ ដែលមាននៅក្នុងឯកសារ ទស្សនាទានរួម នៃការរៀបចំក្របខណ្ឌគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលរៀបចំឡើយ ដោយក្រុមការងារ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

ក្រុមការងារភាគីកម្ពុជា យល់ឃើញថា ការរៀបចំកិច្ចប្រជុំតុមូលនេះ ពិតជាមានសារៈសំខាន់ ហើយក្រុមការងារប្រមូលបាន នូវធាតុចូលគន្លឹះសំខាន់ៗ និងបទពិសោធន៍ល្អៗ បានយ៉ាងច្រើន សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលកម្ពុជា ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ សូមបញ្ចាក់ផងដែរថា ការរៀបចំក្របខណ្ឌគោលនយោបាយរយៈពេលវែង សេដ្ឋកិច្ចឌីជីថលកម្ពុជា ត្រូវបានធ្វើឡើងទាំងស្រុង ដោយក្រុមការងារ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការចូល រួមពីដៃគូសំខាន់ៗមួយចំនួន ពិសេសធនាគារពិភពលោក៕