(ភ្នំពេញ)៖ សមាគមអ្នកនិពន្ធខ្មែរ (ស.អ.ខ) បានសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លី «ពានរង្វាន់អក្សរសិល្ប៍ស្លឹករឹត» លើកទី១ ឆ្នាំ២០២០ ប្រធានបទ «ជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុល ពត»។

 សេចក្ដីជូនដំណឹង របស់សមាគមអ្នកនិពន្ធខ្មែរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ថា ការរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងរួមចំណែកថែរក្សា ឯកសារប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់ប្រជាជនខ្មែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត តាមរយៈស្នាដៃតែងនិពន្ធ និងដើម្បីលើកស្ទួយតម្លៃអក្សរសាស្ត្រជាតិខ្មែរ។

សមាគមអ្នកនិពន្ធខ្មែរ បានបន្ថែមថា លក្ខខណ្ឌនៃការជ្រើសរើសវាយតម្លៃ រួមមាន៖

* ១៖ ខ្លឹមសាររឿងខ្លី ជាស្នាដៃនិពន្ធថ្មី ត្រូវតែនិយាយអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត ប៉ុន្តែមិនសង្កត់ទៅលើ តែប្រធានបទឧក្រិដ្ឋកម្មយង់ឃ្នងកាប់សម្លាប់។
* ២៖ ចំនួនពី៥ ដល់១៥ទំព័រ (អត្ថបទវាយដោយកុំព្យូទ័រ ឬសំណេរដៃពី១០ ដល់២០ទំព័រ)។
* ៣៖ ក្រដាស អេ៤ ពុម្ពអក្សរ ខ្មែរ អូ.អេស សៀមរាប (Khmer OS Siemreap) ទំហំ១២ មិនដាក់ក្បាលឬជើងទំព័រ។

បេក្ខជនដែលអាចចូលរួមប្រកួតបានគឺ៖

១៖ អ្នកនិពន្ធ និងសាធារណជនទូទៅ ជាជនជាតិខ្មែរ ឬ បរទេស (មានសមត្ថភាពអក្សរសិល្ប៍)។
២៖ អ្នករស់រានមានជីវិតពីសម័យ ប៉ុល ពត និងធ្លាប់មានរឿងរ៉ាវនៅក្នុងសម័យនោះ។
៣៖ អ្នកឮរឿងរ៉ាវពិត ដែលរៀបរាប់ឡើងវិញ ដោយអ្នករស់រានមានជីវិតពីសម័យ ប៉ុល ពត។

ស្នាដៃរឿងខ្លីចំនួន១០រឿង នឹងត្រូវជ្រើសរើសផ្តល់ពានរង្វាន់រួមមាន៖ ពានកិត្តិយស វិញ្ញាបនបត្រ និងថវិកា។ ស្នាដៃដែលបានជ្រើសរើសនឹងត្រូវបោះពុម្ព និងពិចារណាផលិតជាភាពយន្តខ្លី ឬចម្រៀង។

សមាជិកសមាជិកានៃ ស.អ.ខ និងសាធារណជនទូទៅ ដែលមានបំណងចូលរួមប្រកួត សូមផ្ញើស្នាដៃមកកាន់សមាគមអ្នកនិពន្ធខ្មែរចាប់ពីថ្ងៃ១ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧៖០០នាទី ជាកំណត់៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់សមាគមអ្នកនិពន្ធខ្មែរ៖