Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមតុលាការធម្មនុញ្ញ ជ្រើសរើសកម្ពុជាសម្រាប់រៀបចំកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ ដែលមាន១១ប្រទេសចូលរួម

22-10-2019 15:08

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នៃកម្ពុជា នឹងទទួលរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (Association Des Cour Constitutionelles Francophones- ACCF) នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ខេត្តសៀមរាប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ នឹងដឹកនាំដោយប្រធានតុលាការកំពូល នៃប្រទេសកាណាដា ដែលបានទទួលអាណត្តិ ជាប្រធានសមាគម ACCF និងចូលរួមដោយថ្នាក់ដឹកនាំ ចំនួន៣០រូបនៃ ក្រុមប្រឹក្សាធម្មនុញ្ញ, តុលាការធម្មនុញ្ញ និងតុលាការកំពូល មកពីប្រទេសចំនួន១១រួមមាន៖ កម្ពុជា, កាណាដា, ស្វីស, សេណេហ្គាល់, បេណាំង, ម៉ាលី, ប៊ែលហ្ស៊ីក, រ៉ូម៉ានី, បារាំង, ម៉ារ៉ុក និងហ្គាបុង។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមាគមត្រូវរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់ខ្លួន នៅតាមបណ្តាប្រទេស ជាសមាជិកអចិន្ត្រៃយ៍។ ដោយឡែកសម្រាប់ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំកិច្ចប្រជុំជាលើកទី១ ក្នុងនាមជាសមាជិកគណៈអចិន្ត្រៃយ៍ នៃសមាគម ACCF នេះ៕