(ភ្នំពេញ)៖ លោក ថាន់ ឡេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានលើកយកសំណុំរឿងបុរសជាតិឥណ្ឌាម្នាក់ មានឈ្មោះ Goyal Kartik (រ៉ូយ៉ា បាទិក) អាយុ៥២ឆ្នាំ មកបើកការជំនុំជម្រះទោស ក្រោមបទចោទលួចផលិតឱសថមិនត្រឹមត្រូវតាមមាត្រា៥៩ នៃច្បាប់ស្ដីពី ស្តង់ដាកម្ពុជា និងបញ្ញត្តិមាត្រា១០ ច្បាប់ស្តីពី ការគ្រប់គ្រងឧសថ។
ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងសមត្តកិច្ចបានធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ក្រោយធ្វើកាស្រាវជ្រាវដោយរកឃើញ ទីតាំងចំនួន២កន្លែង កំពុងលួចលាក់ផលិតឱសថ មិនត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។
សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ រ៉ូយ៉ា បាទិ ត្រូវចាប់ខ្លួនមានមុខរបរជាម្ចាស់សហគ្រាសផលិតឱសថ ទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងមួយទៀត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខណ្ឌកំបូលផ្លូវជាតិលេខ៤។
ឆ្លើយទៅកាន់តុលាការជនសង្ស័យឈ្មោះ Goyal Kartik (រ៉ូយ៉ា បាទិក) នៅតែអះអាងថា ឱសថដែលសហគ្រាសរបស់ខ្លួនផលិតនេះ គឺគោរពតាមលក្ខណៈបច្ចេកទេសជាឱសថ ត្រឹមត្រូវតាមស្តង់ដា ហើយផ្ទុយពីការចោទប្រកាន់ទាំងស្រុង។
ដោយឡែកតំណាងអយ្យការ បានសម្រេចរក្សារទុកការចោទដោយឥតកែប្រែនឹងបានស្នើឱ្យចៅក្រមបន្តឃុំខ្លួនជនត្រូវចោទរូបនេះ ដើម្បីទុកពេលបើកការស៊ើបអង្កេតឱ្យគ្រប់ជ្រុងជ្រោយ តាមនីតិវិធី ព្រោះជនសង្ស័យជាជនបរទេស។
ក្រោយបញ្ចប់នីតិវិធីសួរដេញដោល ដោយចៅក្រមជំនុំជម្រះ លោក ថានើ ឡេង បានសម្រេចលើកយករឿងនេះ ទៅប្រកាសសាលក្រម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ៕