Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សុខ ទូច ផ្តល់ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ជូនកុមារនៅពន្ធនាគារ «ម២» រយៈពេលមួយខែ

22-10-2019 13:56

(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ជូនកុមារកំពុងនៅពន្ធនាគារជាមួយម្តាយដែលជាប់ពន្ធនាគារ «ម២» រយៈពេលមួយខែ។

លោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ១ ញ៉ែម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ បាននាំយកទឹកដោះគោស្រស់តេជោសែនឬស្សីត្រឹប ដែលជាជំនួយឧបត្ថមរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ទៅចែកជូនក្មេងតាមម្តាយនៅមណ្ឌលអប់រំកែប្រែទី២ នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកស្រី ញ៉ែម អូន ជំនួសមុខឲ្យថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណលោកបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលបានផ្តល់ទឹកដោះគោស្រស់តេជោសែនឬស្សីត្រឹប ឱ្យក្មេងតាមម្តាយនៅមណ្ឌលអប់រំកែប្រែទី២ រៀងរាល់ថ្ងៃរយៈពេល១ខែ។ លោកស្រី ក៏បាននាំយកពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដល់ជនជាប់ឃុំទាំងអស់។

លោកស្រីបានពន្យល់ណែនាំអំពីសុខភាពអនាម័យខ្លួនប្រាណ និងកន្លែងស្នាក់នៅត្រូវសំអាតជាប្រចាំ ត្រូវខិតខំយកចិត្តទុកដាក់សិក្យារៀនសូត្រនូវចំណេះជំនាញផ្សេងៗឲ្យចេះច្បាស់ពិតប្រាកដ តាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់មណ្ឌលដាក់ឱ្យត្រូវគោរពបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ។

លោកស្រីបានបន្តទៀតថា «មនុស្សយើងគ្រប់រូបតែងតែមានកំហុស ប៉ុន្តែបើធ្វើខុសត្រូវទទួលកំហុស ហើយត្រូវកែប្រែខ្លួនកុំឲ្យខុសជាលើកទី២ ត្រូវអប់រំកែប្រែខ្លួនសាជាថ្មី ដើម្បីធ្វើសមាហរណកម្មទៅសហគមន៍វិញ ក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គមជាតិ»

លោកស្រី ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានផ្តល់ជាជំនួយប្រេងកូឡា និងសាប៊ូដុសខ្លួន ចែកជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ កូនតាមម្តាយ និងចាស់ជរា ដែលក្នុងម្នាក់ទទួលបានប្រេងកូឡា១ប្រអប់ និងសាប៊ូ១ដុំផងដែរ៕