(ភ្នំពេញ)៖
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានប្រាប់ឲ្យក្រុមមន្ដ្រី និងនយោបាយទាំងអស់ ទៅមើលរឿងសាមកុក ដែលកំពុងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ Fresh News ដើម្បីឲ្យបានដឹងអំពីយុទ្ធសាស្ដ្រ និងល្បិចកិច្ចកលផ្សេងៗ ក្នុងការធ្វើនយោបាយ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាព ប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) ដែលបានបញ្ចប់ការសិក្សា របស់ពួកគេដោយជោគជ័យ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

ថ្លែងក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អាលូវ អា Fresh News កំពុងតែបញ្ចាំងរឿងសាមកុក...ស្ថានភាពអ្នកយុទ្ធសាស្ដ្រខ្លះ ធ្វើអែងដូចជាខ្លាំងណាស់...ធម្មតាជង់វាមិនដែលចេះមាត់ទេ កុកតែងភ្លេចជង់ ឯជង់មិនដែលភ្លេចកុកនោះទេ ចឹងទុកឲ្យកុកចេចចាយហើរចុះ...ខ្ញុំសូមឲ្យអ្នកទាំងឡាយ រៀនមើលរឿងសាមកុកបន្ដិច»

សម្ដេចតេជោ បន្ដទៀតថា «សួរទៅមន្ដ្រីដែលធ្លាប់នៅជាមួយខ្ញុំ ធ្វើការជាមួយខ្ញុំរាប់សិបឆ្នាំហើយ គេបារម្ភបំផុត គេខ្លាចខ្ញុំអត់មាត់...អ្វីដែលអ្នកដទៃខ្លាច បារម្ភជាមួយខ្ញុំ គឺកាលណាដែលគាត់ មិននិយាយហើយពិបាប...មិនដឹងថា ហ៊ុន សែន បត់ឆ្វេង ឬ បត់ស្ដាំ ប៉ុន្ដែបត់យ៉ាងណាក៏ដោយ នៅតែធានាផលប្រយោជន៍ប្រទេសជាតិ មិនត្រូវបង់ខាតនោះទេ»

ការប្រាប់ឲ្យមើលរឿងសាមកុក ដែលកំពុងបញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Fresh News បែបនេះ ដោយសារតែសម្ដេចតេជោ ហ៊ុន សែន មើលឃើញអ្នកនយោបាយ ដែលកំពុងសម្ងំរស់នៅក្រៅស្រុក ដែលមិនចេះវាយតម្លៃអំពីសភាពការ ឲ្យចេះដឹងអំពីយុទ្ធសាស្ដ្រ និងល្បិចកិច្ចកលខ្លះៗ ក្នុងការធ្វើនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើផងដែរថា កុំសង្ឃឹមថា យកឈ្នះសម្ដេចបាននោះ ហើយត្រូវតែទទួលស្គាល់ អំពីសមត្ថភាពរបស់ខ្លួនឯង ក្នុងកម្រិតណា។ សម្ដេចក៏ប្រាប់ទៅក្រុមប្រឆាំង ឲ្យចេះទទួលស្គាល់ នូវសមត្ថភាពរបស់ខ្លួន។ ប្រទេសជាមិត្តធ្វើការជាមួយរាជរដ្ឋាភិបាល មិនធ្វើការជាមួយក្រុមមនុស្ស ក្រៅពីរាជរដ្ឋាភិបាលនោះឡើយ។

គូសបញ្ជាក់ថា រឿង «សាមកុក» គឺជារឿងភាគបុរាណមួយរបស់ចិន ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់ប្រទេសចិន ក្នុងសម័យសង្គ្រាមបែងចែកអំណាច។

រឿងនេះ មានអត្ថន័យអប់រំដ៏ច្រើនរាប់មិនអស់ ជាពិសេសទាក់ទងទៅនឹងការគ្រប់គ្រងមនុស្ស យុទ្ធសាស្រ្តសង្គ្រាម ក៏ដូចជាទ្រឹស្តីជីវិតមួយចំនួន ដែលធ្វើឲ្យអ្នកមើលរៀនសូត្របានយ៉ាងច្រើន ពីរឿងប្រវត្តិសាស្រ្តមួយនេះ ខណៈដែលបច្ចុប្បន្ន កំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ព័ត៌មាន Fresh News ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១០៖០០យប់តទៅ៕