(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានទម្លាយនូវការសម្រេចចិត្តរបស់សម្តេច ក្នុងការទាត់ចោលនូវសំណើរបស់ក្រសួងសុខាភិបាល ដែលចង់ឲ្យបេក្ខជន ដែលត្រូវប្រឡងចូលបម្រើការងាររដ្ឋ ពិនិត្យសុខភាពជាមុនសិន ទើបមានសិទ្ធិចូលប្រឡងបាន។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាការទាត់ចោលសំណើនេះ ដោយសារតែសំណើនេះ ការបង្កើននូវបន្ទុកបន្ថែម ដល់អ្នកដែលចង់ចូលបម្រើការងាររដ្ឋ ហើយជាវិធីដែលបង្កើតឲ្យមានការប្រព្រឹត្តអំពើពុករលួយផងដែរ។
ការថ្លែងយ៉ាងដូច្នេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសនោះ ផ្តាំដល់ក្រសួងសុខាភិបាលវិញថា ជំងឺរបស់បេក្ខជនប្រឡងមិនគួរឲ្យខ្លាចទេ អ្វីដែលគួរឲ្យខ្លាចនោះ គឺជំងឺពុករលួយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «កន្លងទៅនេះខ្ញុំមិនយល់ស្រប ចំពោះសំណើរបស់ក្រសួងសុខាភិបាល ដែលបានស្នើឡើងដើម្បីសុំឲ្យមានការត្រួតពិនិត្យ ទៅលើអ្នកដែលត្រូវប្រឡងចូលក្របខណ្ឌរដ្ឋ អីចឹងទេខ្ញុំមិនយល់ស្រប ព្រោះនេះជាការបង្កើតបន្ទុកបន្ថែម ទៅលើបេក្ខជនដែលត្រូវប្រឡងចូល។...ជួនកាលការពិនិត្យសុខភាព ជាការបង្កើតដើម្បីសេវារកលុយ ដែលនេះជាការគួរឲ្យខ្លាច មិនមែនជំងឺទេ អ្វីដែលគួរឲ្យខ្លាច គឺជំងឺពុករលួយ»។
សម្តេចជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលដែលបេក្ខជនប្រឡងជាប់បម្រើការងារក្នុងក្រសួងស្ថាប័នណា ក្រសួងស្ថាប័ននោះនឹងយកចិត្តទុកដាក់ លើបញ្ហាសុខភាពរបស់មន្ត្រីរបស់ខ្លួនជាក់ជាមិនខាន៕