(កណ្ដាល)៖ លោបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានផ្ដាំផ្ញើសមាគមយុវជនៗ អាស៊ីអាគ្នេយ៍កម្ពុជាចំនួន ២៨នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ដល់បណ្តាប្រទេសដែលបានចូលរួម អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលបច្ចុប្បន្ននេះ មានការអភិវឌ្ឍរលូននៅគ្រប់វិស័យ។
លោកបានចាត់ទុកថា ការបំពេញទស្សនកិច្ចរបស់ប្អូនៗ នឹងក្លាយជាការផ្សព្វផ្សាយវប្បធម៌កម្ពុជា ការពង្រឹងទំនាក់ទំនង ជាមួយប្រទេសជាមិត្ត ក្នុងនាមជាយុវជនទំពាំងស្នងឫស្សី នាពេលអនាគតដែល និងកំពុងរួមគ្នាកសាងសុខសន្តិភាព វឌ្ឍនភាពជាតិ អន្តរជាតិឱ្យកាន់តែរឹងមាំ ខ្លាំងក្លាឡើងជាបន្តបន្ទាប់។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើបែបនេះ នៅគ្រាដែលក្រុមយុវជន បានចូលសំដែងការគួរសម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល ដើម្បីសុំផ្តល់អនុសាសន៍ជាគំនិត យោបល់សម្រាប់បង្ហាញដល់ក្រុមប្រតិភូនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន ដែលគ្រោងធ្វើឡើងនៅទីក្រុងតូក្យូ នៅប្រទេសជប៉ុន នាពេលខាងមុខ។
នៅក្នុងពិធីជួបសំណេះសំណាលនេះ លោកបណ្ឌិត ម៉ៅ ភិរុណ បានគាំទ្រឱ្យនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនមានឱកាសជួបជុំគ្នា ដើម្បីរឹតចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដោយការផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹង និងមេរៀនជីវិតល្អៗ សម្រាប់ជាប្រទីបដល់ការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការីដកចម្រើនជឿនលឿន។
លោកក៏បានផ្តាំផ្ញើដល់យុវជននាវាកម្ពុជា និងចូលរួមក្នុងវេទិកានាវាយុវជនអាស៊ាន និងជប៉ុនត្រូវបង្ហាញដល់ពួកគេនូវអរិយធម៌ វប្បធម៌ ប្រវត្តសាស្ត្រ ប្រពៃណីទំនៀម ទំលាប់ និងការរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយស្នាមញញឹមយ៉ាងរស់រាយរាក់ទាក់៕