(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ សិក្សាបង្កើតរោងចក្រអគ្គិសនី ដោយបម្លែងចេញពីសំរាម ដែលមានស្រាប់នៅក្នុងស្រុក។ សម្ដេចអះអាងថា ប្រសិនការកែច្នៃនេះមានតម្លៃខ្ពស់បន្ដិចក៏ពិតមែន ប៉ុន្ដែរដ្ឋនឹងចេញខាតលើបញ្ហានេះ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីមើលឃើញថា បញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ខណៈដែលទីតាំងចាក់សំរាមនៅតំបន់ស្ទឹងមានជ័យ កំពុងតែពេញទៅដោយសំរាម ពិបាកក្នុងការគ្រប់គ្រង។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងនឹងបន្ដសិក្សា អំពីបញ្ហាអគ្គិសនី ដុតដោយសំរាម ក្នុងលក្ខខណ្ឌដែលមិននាំចូលសំរាមពីខាងក្រៅមកដុត។ ទោះបីវាថ្លៃបន្ដិច រដ្ឋអាចបំពេញខាត ដើម្បីយកសំរាមនោះ មកដុតធ្វើជាអគ្គិសនី បើមិនអញ្ចឹងទេថ្ងៃក្រោយយើងជន់លិចដោយសារសំរាម»។
ក្នុងរាជធានីភ្នំពេញ អំឡុងពេល៥ឆ្នាំចុងក្រោយនេះ បរិមាណសំរាមជាមធ្យម ចំនួនប្រមាណជាង២,៨០០តោនក្នុង១ថ្ងៃ ដែលមានការកើនឡើង ក្នុងរង្វង់ពី១០ភាគរយ ទៅ១៣ភាគរយ ក្នុង១ឆ្នាំ។ បរិមាណសំរាមក្នុងទីក្រុង ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងបន្តទៀត ដែលទាមទារឲ្យមានវិធានការ ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
ឆ្លើយតបទៅនឹងកំណើតសំរាមដែលគួរឲ្យព្រួយបារម្ភនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះការពាររាជធានីភ្នំពេញរបស់ខ្លួន ដោយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពោលបើរង់ចាំតែមានអ្នកប្រមូល ហើយសំរាមក្នុងផ្ទះរបស់ខ្លួននីមួយៗ រៀបចំទុកដាក់មិនមានរបៀបរៀបរយទេនោះ ក៏មិនអាចគ្រប់គ្រងបានស្រួលនោះដែរ។
បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានតែក្រុមហ៊ុនស៉ិនទ្រីតែមួយប៉ុណ្ណោះ ដែលបានបំពេញការងារលើការប្រមូលសំរាម ប៉ុន្ដែដោយមើលឃើញពីភាពយឺតយ៉ាវ និងមានការរិះគន់ជាបន្ដបន្ទាប់នោះ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រកាសដកហូតសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនមួយនេះ ដើម្បីឲ្យរដ្ឋកាន់កាប់សិន។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុនស៊ិនទ្រីតែមួយ មិនអាចប្រមូលសំរាមនៅភ្នំពេញ មានប្រសិទ្ធភាពនោះឡើយ ត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ឬ៤ជាការល្អ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ ខណៈដែលចំនួនសំរាមមានការកើនឡើង លើសពីការគណនា៕