(កំពង់ចាម)៖ ការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសំដៅលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាព ក្រីក្រប្រកបដោយប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងវេទិកាពិគ្រោះយោបល់ស្ដីពី កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ខេត្ត និងផ្សព្វផ្សាយសិក្ខា សាលាសមាហរណកម្មផែនការ ឃុំ/សង្កាត់ នៅថ្នាក់ក្រុង/ស្រុក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នៅមន្ទីរផែនការខេត្តកំពង់ចាម។
អភិបាលខេត្ត បានថ្លែងបន្តថា រដ្ឋបាលខេត្តបានខិតខំអភិវឌ្ឍន៍ដែនដីរដ្ឋបាលរបស់ខ្លួនទាំងផ្នែករូបវ័ន្ត និងអរូបវ័ន្តជាពិសេសការកែលម្អ សោភ័ណ្ឌភាពទីក្រុង និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។
ជាក់ស្តែង សូចនាករចំនួនពីរ បានបង្ហាញពីការរីកចម្រើនរបស់រដ្ឋបាលខេត្តតាមរយៈរួមមាន៖
*ទី១៖ ទិន្នន័យអត្រាភាពក្រីក្ររបស់ខេត្ត ផ្អែកតាមទិន្នន័យមូលដ្ឋានរបស់មន្ទីរផែនការបានបង្ហាញថា នៅដើមឆ្នាំ២០១៥ អត្រាភាពក្រីក្រចំនួន ១៨.២៦% ហើយមកទល់ដើមឆ្នាំ២០១៩ បានថយ មកនៅត្រឹម ១៤,១០% តាមលទ្ធផលនេះ ខេត្តកំពង់ចាម បានកាត់បន្ថយភាពក្រីក្របានច្រើនជាង ១% ក្នុងមួយឆ្នាំ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
*ទី២៖ តាមរយៈការគិតគូរកំណើនសេដ្ឋកិច្ចថ្នាក់ខេត្ត របស់មន្ទីរផែនការបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ (GDP) បានកើនពីចំនួន ១,៣៨៣ដុល្លារនៅឆ្នាំ២០១៦ ដល់ ១,៤៧៨ដុល្លារ នៅឆ្នាំ២០១៧។ ក្នុងន័យនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងដែនដីរដ្ឋបាលខេត្ត ដើម្បីសម្រេចយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកអភិបាលខេត្ត ថ្លែងបន្តថា ដោយឡែកនៅក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលចាត់បានចាត់ទុក កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានសារៈសំខាន់ចំពោះការកែលម្អគុណភាព នៃសេវាសាធារណៈចំនួន ៣រួមមាន៖
*ទី១៖ ការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមយ៉ាងសកម្ម ក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋាន
*ទី២៖ ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិកាន់តែរហ័ស និងមានប្រសិទ្ធភាព
*ទី៣៖ ការបង្កើននូវលទ្ធភាព នៃការកៀរគរប្រភពធនធាននៅមូលដ្ឋានសម្រាប់ ផ្តល់សេវា និងការអភិវឌ្ឍបន្ថែមទៀត។
លោកបញ្ជាក់ថា «ពិតណាស់វេទិការនាពេលនេះ ជាសូចនាករមួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសំដៅលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព»៕