(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យសហការជាមួយក្រសួងបរិស្ថាន សហព័ន្ធសហភាពយុវជនកម្ពុជា ស.ស.យ.ក និងកម្លាំងយុវជនផ្សេងៗទៀត ចេញប្រតិបត្តិការសំអាតសំរាម នៅក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «អញ្ចឹងទេបញ្ហានេះ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំរាម ឯកឧត្តម ឃួង ស្រេង បញ្ហាសំរាមនេះ អីឡូវ គឺឃើញថាក្រសួងបរិស្ថាន ដូចមានយុវជន១០០០នាក់ នឹងចូលរួម ខ្ញុំគិតថានឹងមានលទ្ធភាពដែលអាចធ្វើទៅរួចទៀត នៅមាន សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្រឡាញ់សន្តិភាព ឱ្យជ្រើសរើសយុវជននៅក្នុងចំណោមហ្នឹងខ្លះ ក្រុមក្មេងវត្ត ក្រុម២២ហ្នឹង ប្រមូលគ្នាមកប៉ុន្មានក្រុម ដើម្បីជួយទៅលើបញ្ហាសំរាម ក្នុងឱកាសបុណ្យអ៊ុំទូក»។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា រាជធានីភ្នំពេញ នឹងត្រូវប្រមូលផ្តុំដោយប្រជាពលរដ្ឋយ៉ាងច្រើន ដែលអញ្ជើញមកពីបណ្តាល ខេត្តនានា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក ដូច្នេះសំរាមច្រើនណាស់ ហើយមិនអាចពឹងពាក់លើក្រុមហ៊ុនស៊ិនទ្រី មិនបាននោះទេ អញ្ចឹងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរកកម្លាំងយុវជន ដើម្បីជួយដោះស្រាយបញ្ហាសំរាម និងបញ្ហាចំពោះមុខនានា ទាក់ទងនឹងសំរាម ដែលនឹងកើតមានឡើង នៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលមានរយៈពេល៣ថ្ងៃ ៣យប់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា «អញ្ចឹងឯកឧត្តម ឃួង ស្រេង ត្រូវធ្វើការជាមួយក្រសួងបរិស្ថាន ព្រោះគេមានកម្លាំង យុវជនរបស់គេ ហើយត្រូវធ្វើការជាមួយហ្នឹង ហើយត្រូវធ្វើការជាមួយសមាគមន៍យុវជនផ្សេងៗទៀត ដែលមានលទ្ធភាពនឹងចូលរួមដោយបែងចែកតំបន់គ្នា»។
ក្រុមហ៊ុនស៊ិនទ្រីតែមួយមិនអាចប្រមូលសំរាមនៅភ្នំពេញមានប្រសិទ្ធភាពនោះឡើយ ត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ឬ៤ជាការល្អ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនស៊ីនទ្រី (ខេមបូឌា) គឺជាក្រុមហ៊ុនឯកជនមួយ ដែលត្រូវបានបង្កើតឡើង នៅក្នុងខែសីហា ឆ្នាំ២០០២ ដើម្បីសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ។
កន្លងមក ជាពិសេសរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើន បានរអ៊ូរទាំ មិនពេញចិត្តចំពោះសេវាកម្មប្រមូលសំរាម របស់ក្រុមហ៊ុននេះ ដោយសារតែមានការអាក់ខានមិនទៀងទាត់ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។
បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តអំពាវនាវឱ្យអកអំបុកនៅថ្ងៃទី៩ វិច្ឆិកា ថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងទ័ពខ្មែរ។ សម្តេចតេជោបានហៅការហូបអំបុកនេះថា ជាការហូបអំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ៕