(ភ្នំពេញ)៖ យោងតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងស្មារតីណែនាំអនុវត្តរបស់សម្តេចក្រឡាហោម ស ខេង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារចំណាកស្រុក ខេត្តព្រៃវែង បានជួបប្រជុំគ្នាដើម្បីលើកវិធានការជំរុញអនុវត្តផែនការ សកម្មភាពចូលរួមជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្រុមញាតិគ្រួសារ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ។
ក្នុងការពិភាក្សា ក្រុមការងារបានគូសបញ្ជាក់ពីព្រឹតិ្តការណ៍សំខាន់ នាពេលដ៏ខ្លីខាងមុខ ដោយធ្វើការកត់សម្គាល់ថា ឆ្នាំនេះពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៦ បន្តភ្ជាប់ទៅនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយើង ក្នុងការចូលរួមអបអរសាទរប្រារព្ធ ពិធីបុណ្យទាំងពីរនេះផ្គួបជាមួយគ្នា ឱ្យកាន់តែបានឱឡារិកអធិកអធមថែមទៀត។
ប៉ុន្តែក្រុមប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្សី បានមាក់ងាយ និងជាន់ឈ្លីស្មារតីនៃទិវាប្រវត្តិសាស្ត្រជាតិនេះ ដោយកំណត់យកពេលនេះដែរជាថ្ងៃដែលគេ នឹងវិលត្រឡប់មកកម្ពុជាវិញ ធ្វើជាលេសដើម្បីសម្រេចមហិច្ឆិតានយោបាយពឹសពុលរបស់ខ្លួន ធ្វើរដ្ឋប្រហារប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតផ្ទាល់របស់ប្រជាជននៅទូទាំងប្រទេស។
ហេតុនេះ ក្នុងពេលប្រារព្ធពិធីបុណ្យត្រូវឆ្លៀតឱកាសជួបប្រាស្រ័យ សំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក រួមទាំងក្រុមញាតិគ្រួសារ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយបច្ចុប្បន្នភាពសភាពការណ៍ និងលើកកម្ពស់ស្មារតីសាមគ្គីឯកភាពទូលំទូលាយរបស់ប្រជាជន ពួតដៃគ្នាជាធ្លុងមួយក្នុងការគោរពប្រតិបត្តិច្បាប់យ៉ាងខ្ជាប់ខ្ជួន ពង្រឹងនីតិរដ្ឋរឹងមាំ វាយឱ្យបរាជ័យនូវរាល់ឧបាយកល ល្បិចកលខ្មៅងងិតនៃអំពើក្បត់ជាតិ របស់ក្រុមឧទ្ទាមក្រៅច្បាប់ សំដៅការពារសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជា ឱ្យបន្តរីកចម្រើនលូតលាស់លើផ្លូវប្រជាធិបតេយ្យ និងនីតិរដ្ឋជារៀងដរាប។
ក្នុងគោលដៅអនុវត្តសម្រេចដោយជោគជ័យ នូវផែនការសកម្មភាពដែលបានលើកឡើង នៅចុងបញ្ចប់នៃកិច្ចប្រជុំ ក្រុមការងារបានឯកភាពលើវិធានការជាក់ស្តែងមួយចំនួនជាអាទិ៍ គឺការប្រមូលផ្តុំកំលាំងសរុបនៅមូលដ្ឋាន ដើម្បីរៀបចំការជួបជុំប្រារព្ធពិធីហូបអំបុកមហាសាមគ្គីនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ និងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅតាមទីវត្តអារាម ឬកន្លែងប្រមូលផ្តុំសមស្របក្នុងមូលដ្ឋានភូមិ ឃុំ ដោយគួបផ្សំឱ្យបានល្អរវាងការរៀបចំពិធីបុណ្យជាតិនិងបុណ្យ ប្រពៃណី រវាងការឃោសនាអប់រំសតិអារម្មណ៍ និងការកំសាន្តសប្បាយ រវាងការផ្សារភ្ជាប់កំលាំង ចំណាក ស្រុកជាមួយនឹងមូលដ្ឋាន៕