(ភ្នំពេញ)៖ សមាគមកម្ពុជាការពារអ្នកកាសែត (CAPJ) ដោយមានការគាំទ្រពីសំណាក់ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងដោយទទួលបាននូវការឧបត្ថម្ភពីសហព័ន្ធអ្នកកាសែតអន្តរជាតិ
(IFJ) នឹងរៀបចំ «វេទិកាពិគ្រោះយោបល់ស្តីពី វិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា ឆ្នាំ១៩៩៥» នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹក នៅភោជនីយដ្ឋាន ទន្លេបាសាក់១ រាជធានីភ្នំពេញ។
ពិធីនេះនឹងធ្វើឡើង ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន មន្ត្រីច្បាប់ តំណាងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមកម្ពុជាការពារអ្នកកាសែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលានេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន «វេទិកាពិគ្រោះយោបល់ស្តីពី វិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជាឆ្នាំ១៩៩៥» នេះរៀបចំឡើងនៅក្នុងគោលបំណង ដើម្បីជជែកពិភាក្សា និងប្រមូលធាតុ ចូលពីមន្ត្រីរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន មន្ត្រីច្បាប់ និងអង្គការសង្គមស៊ីវិល ជុំវិញគម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ និងចងក្រងអនុសាសន៍ទាំងឡាយ ដែលបានលើកឡើង ដើម្បីដាក់ជូនស្ថាប័នពាក់ព័ន្ធពិនិត្យ និងពិចារណា។
ច្បាប់ស្តីពីរបបសារព័ត៌មានត្រូវបានអនុម័តឱ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩៥។ ច្បាប់នេះកំណត់របបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយឱ្យបាន សមស្រប តាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។រហូតមកទល់ពេលនេះច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុកាល ២៤ឆ្នាំ មកហើយ ដែលចាំបាច់ទាមទារឱ្យ មានវិសោធនកម្មច្បាប់ស្តីពី សារព័ត៌មានកម្ពុជានេះ ដើម្បីធ្វើទំនើបកម្ម និងបំពេញភាពខ្វះចន្លោះមួយចំនួន ដើម្បីងាយស្រួលក្នុងការអនុវត្ត ស្របតាមការវិវឌ្ឍនៃពិភពលោក និងខណៈប្រទេសកម្ពុជា កំពុងអភិវឌ្ឍរីកចម្រើន ហើយសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិត្រូវបានគោរព៕