(ភ្នំពេញ)៖ ករណីប្លន់សម្លាប់បុរសម្នាក់ យកម៉ូតូមួយគ្រឿង នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅ នៅពេលនេះកម្លាំង នគរបាលបំបែកសំណុំរឿងបានហើយ ដោយឈានដល់ការចាប់ខ្លួនមនុស្ស៣នាក់ ដែលពាក់ព័ន្ធក្នុងអំពើប្លន់មួយនេះ។ មនុស្សទាំង៣នាក់នេះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលខណ្ឌដង្កោ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតតាមចាប់ជនសង្ស័យបានតែម្តង។
លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងជំនាញសហការគ្នា តាមបង្ក្រាបបាននេះ ទី១៖ឈ្មោះ អឿង ភាព អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់, ទី២៖ឈ្មោះ ណោម ពៅ អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ និងទី៣៖ ឈ្មោះ ប៉ុក សុខនី អាយុ៤២ឆ្នាំ (ទទួលផលចោរកម្ម)។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន វត្ថុតាងដែលជារបស់ជនរងគ្រោះមានដូចជា ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ខៀវមួយគ្រឿង, ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០១៥ ស្លាកលេខបាត់ដំបង1V-0526 ចំនួន១គ្រឿង។
លោកវរសេនីយ៍ឯក ជាវ វិបុល បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យត្រូវបានប្រគល់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាម្ចាស់ករណីដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ នៅកណ្តាលផ្លូវក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យជាករណីឃាតកម្មសម្លាប់ប្លន់យកម៉ូតូ ដោយហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦៖៣០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ មែក ភីន អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ និងជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ៕