(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំប្រឹក្សាយោបល់លើវឌ្ឍនភាពការងារ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ឲ្យខេត្តទាំងអស់ត្រូវរួមសហការគ្នា ចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់គ្រុនចាញ់គ្រប់ប្រភេទ ឲ្យបានជោគជ័យតាមផែនការ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ជំងឺគ្រុនចាញ់មិនត្រឹមតែ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ការចំណាយលុយកាក់ ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។
លោករដ្ឋមន្ដ្រី បន្ដថា «ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា លើបញ្ហាជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង សមស្របនឹងដំណើរវិវត្តន៍ នៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ហេតុនេះ ខេត្តទាំងអស់ត្រូវរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាល ក្នុងខេត្តនីមួយៗ ចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់គ្រុនចាញ់គ្រប់ប្រភេទឲ្យបានជោគជ័យតាមផែនការ»។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្ថែមទៀតថា តាមការត្រួតពិនិត្យតាមដានជាប់ជាប្រចាំ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ (ម.គ.ច) បានផ្តោតការធ្វើអន្តរាគមន៍យ៉ាងខ្លាំងក្លា នៅតំបន់ដែលមានករណីជំងឺគ្រុនចាញ់ខ្ពស់ ដែលបច្ចុប្បន្នមាននៅក្នុងខេត្តចំនួន៧រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តរតនគិរី និងតេស្ត ការព្យាបាលជំងឺ ព្រមទាំងផ្តល់ប្រឹក្សាអប់រំសុខភាពពីជំងឺគ្រុនចាញ់ ដល់ប្រជាជនដែលនៅតំបន់រងគ្រោះទាំងនោះ ដែលជាលទ្ធផលចំនួនករណីធ្វើតេស្តជំងឺមានការកើនឡើង ១៤៤% បើប្រៀបធៀបឆ្នាំ២០១៨។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានសង្កត់ធ្ងន់ផងដែរថា ដើម្បីសម្រេចគោលដៅក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូម នៅឆ្នាំ២០២០ និងដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឝ្រប់ប្រភេទ ឲ្យបានតាមផែនការកំណត់នៅឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងបានបើកកិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីធ្វើបច្ចុប្បន្នភាព ស្ថានភាពជំងឺ វឌ្ឍនភាពការងារ បញ្ហាជួបប្រទះ និងទិសដៅឈានឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់នៅទូទាំងប្រទេស ក៏ដូចជាពិនិត្យលើទិដ្ឋភាពទូទៅ ការរីកចម្រើនក្នុងការអនុវត្តអភិក្រមការងារលុបបំបាត់ជំងឺគ្រុនចាញ់ របស់ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងស្វែងរកចំណុចខ្លាំងដែលទទួលជោគជ័យ និងចំនុចខ្សោយដែលយើងត្រូវបំពេញបន្ថែម។
លោកសាស្ដ្រាចារ្យ ក៏បានជំរុញដល់មន្ដ្រីសុខាភិបាលនៅទូទាំងប្រទេស និងអង្គការដៃគូទាំងអស់ ត្រូវបន្ដការខិតខំយកចិត្ដទុកដាក់ និងពង្រឹងសកម្មភាពក្នុងការបំពេញកិច្ចការងារទៅលើករណីជំងឺគ្រុនចាញ់។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានការបេ្តជ្ញាចិត្ដខ្ពស់ និងផ្តល់លទ្ធភាព និងការលើកទឹកចិត្តឲ្យមានចលនាកៀរគរប្រមូលប្រភពធនធាន ដើម្បីជំរុញការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឲ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះ ឲ្យសម្រេចបានតាមផែនការកំណត់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ លោកក៏បានសំណូមពរដល់ អង្គការដៃគូទាំងអស់ បន្តសហការល្អជាមួយមន្ទីរសុខាភិបាលខេត្ត និងជួយគាំទ្របន្ថែមថវិកា ក្នុងការពង្រីកបន្ថែមសកម្មភាពប្រយុទ្ធនឹងជំងឺគ្រុនចាញ់។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាន និងមន្រ្តីបង្គោលគ្រប់គ្រងកម្មវិធីជាតិ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត អភិបាលរងខេត្តជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានកម្មវិធីគ្រុនចាញ់ខេត្តមកពី ២១ខេត្ត ព្រមទាំងមន្រ្តីបង្គោលតំណាងអន្តរក្រសួងជាដៃគូ និងដៃគូអភិវឌ្ឍន៍ជាប់ពាក់ព័ន្ធទាំងអស់៕