(កំពង់ចាម)៖ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃ អង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ បានថ្លែងថា វិស័យសុខាភិបាល គឺជាឆ្អឹងខ្នងប្រទេសជាតិ សម្រាប់ទ្រទ្រង់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកកិត្តិបណ្ឌិត បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល រយៈពេលពីរថ្ងៃ២១-២២ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម។
លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានថ្លែងបន្តថា សិក្ខាសាលានាពេលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីផ្គួបផ្សំបញ្ញាញាណរបស់យើង សម្រាប់ធ្វើការកែលម្អសេវាសាធារណៈក្នុងវិស័យសុខាភិ បាលឱ្យកាន់តែល្អប្រសើរ តាមការចង់បានរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរបស់យើង។ ការរៀនសូត្រពីបទពិសោធន៍បរទេស អាចឱ្យយើងទទួលបាននូវទស្សនាទានថ្មីៗ ប៉ុន្តែការរៀនសូត្រពីគ្នាទៅវិញទៅមក មិនត្រឹមតែផ្តល់នូវទស្សនាទានថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវចំណេះដឹងដែលត្រូវនឹងបរិបទ នៃការងារផ្តល់សេវារបស់យើងទៀតផង។
លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានរំលឹកដល់អង្គពិធីទាំងមូលអំពីចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងកាត់បន្ថយភាពក្រីក្រគ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា។
លោកថា «ដូចនេះ វិស័យសុខាភិបាលដែលជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ដល់សុខមាលភាព នៃប្រជាជនទាំងមូល ត្រូវតែមានការកែលម្អជាប្រចាំ ដើម្បីយើងមានប្រជាជនប្រកបដោយសុខភាព និងថាមភាពសម្រាប់បំពេញការងារក្នុងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអនុវត្តការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលស្ថាប័នកំណែទម្រង់អភិបាលកិច្ច រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានសហការជាមួយក្រសួង ស្ថាប័នតាមវិស័យរបស់រាជរដ្ឋាភិបាល រួមគ្នាធ្វើការដើម្បីចូលរួមចំណែកលើកស្ទួយគុណភាពនៃសេវាសុខាភិបាល និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធសុខភាពសាធារណៈផងដែរ៕