(កណ្ដាល)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល និងដោយមានការអញ្ជើញចូលរួម លោកប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរសង្កាត់ ចុះបាញ់ថ្នាំសម្លាប់មូស នៅក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងការបាញ់ថ្នាំសម្លាប់មូស លោក នៃ ចារី បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវលុបបំបាត់ប្រភពនៃជម្រកមូសខ្លា ដោយសម្អាតបរិស្ថាននៅក្នុងផ្ទះរបស់ខ្លួន គឺធ្វើយ៉ាងណាកុំឲ្យមានកន្លែងដក់ទឹកបាន សំបកកង់ សំបកដូង សំបកកង់ឡាន ត្រូវលុប និងជីកកប់ឲ្យបានស្អាត មិនត្រូវបណ្ដោយទុកឱ្យរបស់ដែលដក់ទឹកបាន នាំឲ្យកើតមានដង្កូវទឹក និងមានមុខខ្លា ដែលអាចធ្វើឲ្យប្រជាពលរដ្ឋ កើតជំងឺគ្រុនឈាម ដោយសារមូសខ្លាខាំ។
លោក គុយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថ្លែងថា ក្រុមការងារបានចាប់ធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនេះនៅស្ទើរក្របខណ្ឌទូទាំងខេត្តហើយ គឺធ្វើឡើងចាប់ផ្ដើមតាំងពីរដូវភ្លៀងទើបបង្អុរមកម្លេះ ហើយករណីកើតគ្រុនឈាមមិនទាន់មានសញ្ញាអាសន្នណាមួយឡើយ។
លោកថ្លែងទៀតថា ក្រុមការងារបានណែនាំពលរដ្ឋតាមមូលដ្ឋាននូវប្រការ ដែលយកចិត្តទុកដាក់ចំពោះសុខភាព ការថែទាំ ការការពារកុំឲ្យកើតមូសខ្លាជាដើម។ ចំពោះសកម្មភាព ក្រុមប្រជាពលរដ្ឋបានសម្តែងទឹកមុខសប្បាយរីករាយ នៅពេលដែលបានឃើញក្រុមការងារយកចិត្តទុកដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋ ក៏សំណូមពរបន្ថែមនូវបញ្ហាផ្លូវបេតុង បង្គោលភ្លើង លូ និង ផ្សេងៗទៀតផង ដើម្បីរស់នៅមានផាសុខភាពល្អជាងនេះ៕