(ភ្នំពេញ)៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៉ីផាន បានក្រេីនរំលឹកថា អ្នកធ្វើជាមន្ត្រីផ្នែកព័ត៌មាន ឬធ្វើជាអ្នកនាំពាក្យសម្រាប់ក្រសួង ស្ថាប័ន ឬអង្គភាពណាមួយ ត្រូវតែមានសកម្មភាពឲ្យសកម្ម ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់។
ការក្រេីនរំលឹករបស់លោក ផៃ ស៉ីផាន បានធ្វើឡើងក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមន្ត្រីពាក់ពាក់ព័ន្ធ នៅតាមបណ្តាក្រសួង-ស្ថាប័ននានា អភិបាលរងរាជធានី-ខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី-ខេត្ត ទូទាំងប្រទេស បើកសិក្ខសាលាស្តីពីវិស័យព័ត៌មាន ដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលកំពុងវាយលុកយ៉ាងខ្លាំង នាំឲ្យជិះឥទ្ធពលអាក្រក់ដល់សង្គមជាតិ។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បាននិងកំពុងដំណើរការទៅ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ «អភិបាលកិច្ចល្អ នៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល»។
លោក ផៃ ស៉ីផាន បានឡើងធ្វើបទអន្តរាគមន៍ខ្លី ក្នុងគោលដៅជំរុញដល់អង្គសិក្ខាសាលា ត្រៀមយកចិត្តទុកក្រេបយកចំណេះដឹង ក៏ដូចជាចំណុចល្អៗ ទៅប្រើប្រាស់ប្រចាំថ្ងៃ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម័យឌីជីថតព័ត៌មាន គឺលឿនណាស់! ដូចនេះក្រសួងនីមួយៗ ស្ថាប័ននីមួយៗ ត្រូវបង្កើតព័ត៌មានឲ្យបានស្រាប់ ចាំបាច់ពេលគេឆ្ងល់ គេចង់ដឹង គេសួរ ហើយត្រូវតែមានសកម្មភាពជាសកម្ម ផុសផុល ដើម្បីជម្រាបជូនមហាជនថាយើងបានធ្វើអ្វីខ្លះ? យើងកំពុងធ្វើអ្វីខ្លះ? ហើយយើងនឹងធ្វើអ្វីខ្លះ? ដើម្បីឲ្យប្រជាពលរដ្ឋ លោកដឹង លោកយល់ លោកចូលរួម»។
លោក ផាត់ សាលីន ប្រធានលេខាធិការដ្ឋាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា នេះគឺជាសិក្ខាសាលាលើកទី២ហើយ។ សិក្ខាសាលានេះដែរ មានគោលបំណងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយណា ដែលមានគោលដៅបំភ្លៃ វិទ្ធង្សនា និងវិច្ឆេទកម្មបំផ្លាញសន្តិភាព និងសមិទ្ធផលនានា ដែលរកបានដោយកម្រ និងពិបាកបំផុត នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាមទាំងស្រុង នៅឆ្នាំ១៩៩៨។
លោកបន្តថា សិក្ខសាលានេះ ក៏មានទិសដៅពង្រឹងកម្លាំងសរុប គ្រប់ស្ថាប័ន គ្រប់អង្គភាព ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងដ៏ត្រឹមត្រូវ របស់សាធារណជន ដែលជាចំណែកមួយក្នុងភាពជាដៃគូ នៃកិច្ចថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ចល្អ ដែលជាកិច្ចប្រឹងប្រែង ជាអាទិភាពរបស់រាជរដ្ឋាភិបាល គឺជាទិសដៅមិនត្រឹមតែពង្រឹងនីតិរដ្ឋតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាការពង្រឹង និងពង្រីកវឌ្ឍនភាពសង្គមខ្មែរ ប្រកបដោយចីរភាព ដើម្បីកូនចៅដ៏រុងរឿងជំនាន់ក្រោយ៕