(ភ្នំពេញ)៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បានគាំទ្រដល់សាលារាជធានីភ្នំពេញ ក្នុងការរៀបចំ និងប្រកាសដាក់ឱ្យប្រើប្រាស់ នូវផែនការអភិវឌ្ឍទីក្រុងនិរន្តរភាព សម្រាប់រាជធានីភ្នំពេញ ឆ្នាំ២០១៨-២០៣០។
ការលើកឡើងបែបនេះ របស់លោក សៅ សុភាព បានធ្វើឡើងនៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាតំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីបើកសិក្ខាសាលា «ត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ ដោយចីរភាព ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០» នៅទីស្តីការក្រសួងបរិស្ថាន។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានថ្លែងថា កំណើនប្រជាជនទាំងនៅក្នុងទីក្រុង និងទីប្រជុំជន រួមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងកំណើននេះ បានបង្កជាបញ្ហាប្រឈមជាច្រើន ដូចជាការគ្រប់គ្រងសំណល់រឹងរាវ គុណភាពខ្យល់ ចរាចរណ៍ ការរៀបចំលំនៅដ្ឋាន ការផ្គត់ផ្គង់ថាមពល ទឹក និងស្បៀងអាហារ ការគ្រប់គ្រងទឹកជំនន់ ការអភិរក្សបេតិកភណ្ឌវប្បធម៌និងធម្មជាតិ។ល។
លោក សៅ សុភាព បានថ្លែងយ៉ាងដូច្នេះថា «ថ្មីៗនេះ យើងបានជួយគាំទ្រដល់សាលារាជធានីភ្នំពេញ ក្នុងការរៀបចំ និងប្រកាសដាក់ឱ្យប្រើប្រាស់ នូវផែនការអភិវឌ្ឍ ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ លើសំណើគម្រោងវិនិយោគ៤៨ ក្នុងវិស័យអាទិភាពចំនួន៩។ យើងត្រូវខិតខំបន្តរៀបចំបញ្ចប់នូវផែនការបែបនេះ សម្រាប់ទីក្រុងគោលដៅចំនួន៧ទៀត ក៏ដូចជាពិចារណាគាំទ្រ ដល់បណ្តាទីក្រុង ទីប្រជុំជន ដែលនៅសេសសល់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ទីក្រុងដោយនិរន្តរភាព និងស្នើឡើងនូវយន្តការកៀរគរធនធានសម្រាប់អនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់»។
លោកបានឱ្យដឹងថា ថាមពលអគ្គិសនី គឺជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល ដែលមានគោលដៅផ្គត់ផ្គង់ ដល់គ្រប់ភូមិ នៅត្រឹមឆ្នាំ២០២០ និងយ៉ាងហោចណាស់៧០ភាគរយ នៃខ្នងផ្ទះប្រជាជនទាំងអស់នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ ក្នុងតម្លៃសមស្របត្រឹមឆ្នាំ២០៣០។ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច ដែលនាំឱ្យមានការកើនឡើង នូវតម្រូវការថាមពលអគ្គិសនី ចាំបាច់ក៏ត្រូវធ្វើពិពិធកម្មថាមពល ពីគ្រប់ប្រភពផលិតថាមពលដែលមាន ជាពិសេសប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងការផលិតថាមពលពីសំណល់ សំដៅធានាឱ្យបាននូវសន្តិសុខថាមពលរបស់យើង។
បើតាមលោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃក.ជ.អ.ច. បានថ្លែងថា ការរៀបចំគោលនយោបាយទីក្រុងនិរន្តរភាព គឺជាការគិតគូរដល់ការអភិវឌ្ឍទីក្រុងនិរន្តរភាពផង ក៏ដូចជាការអភិរក្សនៅតំបន់បេតិកភណ្ឌ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ បានបន្សល់ទុក។ នៅឆ្នាំ២០១៩នេះ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានសហការបន្តពង្រីកទៅដល់ទីក្រុងចំនួន៧ថែមទៀត ដែលជាតំបន់ប៉ូលសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសកម្ពុជាជាដើម។
លោក តាំង ម៉េងអៀង បានបញ្ជាក់ថា សម្រាប់ចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ឯកសារក្រុងនិរន្តភាពចំនួន៧ នឹងដាក់បង្ហាញជាផ្លូវការផងដែរ។ លោកបានបន្ថែមថា ទីក្រុងទាំង៧ សម្រាប់ដំណាក់កាលទី២នេះ រួមមានទី១៖ ទីក្រុងសៀមរាប, ទី២៖ ទីក្រុងកំពង់ចាម, ទី៣៖ ទីក្រុងប៉ោយប៉ែត, ទី៤៖ ទីក្រុងស្វាយរៀង, ទី៥៖ ទីក្រុងសួង, ទី៦៖ ទីក្រុងកំពង់សោម និងទី៧៖ ទីក្រុងបាវិត៕