(បន្ទាយមានជ័យ)៖ គ្រូបង្រៀនម្នាក់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលធ្លាប់ចែកចាយនូវសារញុះញង់របស់ ទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចូលសារភាពទោសកំហុស នូវអ្វីដែលខ្លួនធ្លាប់ចែកចាយកន្លងមក។
លោក រុន រ៉ូ នៅចំពោះមុខសមត្ថកិច្ចខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានអះអាងថា រូបគាត់ពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ដែលធ្លាប់ជឿតាមអ្វីដែលក្រុមឧទ្ទាម សម រង្ស៉ី ញុះញង់ឲ្យស្អប់រាជរដ្ឋាភិបាល។ គ្រូបង្រៀនរូបនេះ បានបញ្ជាក់ទៀតថា រូបគាត់សន្យាថា នឹងមិនធ្វើអ្វីដែលនាំឲ្យមានកំហុសឆ្គងទៀតនោះឡើយ។
លោក រុន រ៉ូ បានសន្យាយ៉ាងដូច្នេះថា «រាល់ការចាញ់បោកទាំងអស់នេះ ខ្ញុំបាទសុំសន្យាថា នឹងកែរាល់កំហុសឆ្គងទាំងអស់ ដោយសន្យានឹងឈប់ប្រព្រឹត្ត គ្រប់រូបភាព គ្រប់សកម្មភាព ដែលបានកើតឡើង ហើយខ្ញុំសូមអំពាវនាវដល់បងប្អូនយុវជនទាំងអស់ កុំបាញ់បោកដូចខ្ញុំ ទៅលើក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី និងបក្ខពួកគេដទៃទៀត និងសូមឲ្យពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសន្ដិភាព ដែលមានរួចជាស្រេចទៅហើយ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមាគាដឹកនាំដ៏ត្រឹមត្រូវ»។
គ្រូបង្រៀនរូបនេះ បានគូសបញ្ជាក់ថា អ្វីដែលជំរុញឲ្យលោកព្រមចូលមកសារភាពទោសកំហុសនៅថ្ងៃនេះ គឺផ្ដើមចេញពីឆន្ទៈយ៉ាងពិតប្រាកដ គ្មានអ្នកណាម្នាក់គំរាមកំហែង ឬគៀបសង្កត់អ្វីនោះឡើយ ហេតុនេះហើយ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវតែភ្ញាក់រលឹក កុំជឿតាមអ្វីដែលទណ្ឌិត សម រង្ស៉ី ញុះញង់ឲ្យសោះ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឲ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
សាររបស់ឧក្រិដ្ឋជន សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឲ្យរួចទោសឡើងវិញ៕