(ប៉ៃលិន)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានប្រគល់ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤គ្រឿង និងមួកសុវត្ថិភាព ដល់មន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់បំពេញបេសកម្មណែនាំ ពីបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិនទាំងមូល។
ពិធីប្រគល់ម៉ូតូម៉ាក SUZUKI SMASH ទាំង២៤គ្រឿងនេះ បានធ្វើឡើងក្រោមវត្តមានលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនផងដែរ។
លោក ផាន់ ចាន់ធុល បានលើកឡើងថា ការប្រែប្រួលអាកាសធាតុពិត ជាបង្កឡើងនូវផលប៉ះពាល់យ៉ាងច្រើន ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាពិសេសកសិករផ្ទាល់តែម្តងរួមមាន៖ ភាពរាំងស្ថួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ និងរបបខ្យល់ ការហូច្រោះដី សីតុណ្ហភាពប្រែប្រួលខ្លាំង កំដៅកើនឡើងកើតមានជំងឺប្លែកៗលើមនុស្ស ដូច្នេះហើយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ណាស់ ក្នុងការស្វែងរកដៃគូនានា ដើម្បីបង្កើននូវការទប់ស្កាត់ និងវិធីសាស្រ្តការពារក្នុងការ ណែនាំបច្ចេកទេស ឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធិភាពបង្ករលក្ខណៈឱ្យបងប្អូនប្រជាពល រដ្ឋក្នុងការបង្ករបង្កើនផល ទទួលបានទិន្និផលខ្ពស់។
លោកអភិបាលខេត្តសង្ឃឹមថា ការប្រគល់ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤គ្រឿង និងមួកសុវត្ថិភាព ដែលជាជំនួយគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនីធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រគល់ឱ្យនៅពេលនេះ នឹងយកទៅបំពេញបេសកម្ម របស់ខ្លួននឹងអនុវត្តការងារឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីចែកនូវចំណេះដឹងបច្ចេកទេស ជូនប្រជាពលរដ្ឋ និងកសិករខ្នាតតូច/ធំ ដែលមានដីតិចច្រើន ឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់ នៃការបង្កើតមុខរបរអាជីវកម្មតាមបែបកសិកម្មរួមមាន៖ មៀនប៉ៃលិន ស្វាយកែវរមៀត បន្លែ ពោតក្រហម ដំឡូងមី ចិញ្ចឹមមាន់ ទា ត្រី ជ្រូក គោ ជាដើមក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចគ្រួសារតាមរយៈវិស័យកសិកម្ម។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្តល់នូវកិច្ចសហការឱ្យបានល្អជាមួយក្រុមការងារ ផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការរួមចំណែកលើកស្ទួយជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក្នុងខេត្តប៉ៃលិន មានថវិកាគាំទ្រ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សរុបចំនួន ៤០៩,១៩១.៥០ដុល្លារ និងបានចំណាយ សរុបចំនួន៥៤,០៤៧.៥៣ដុល្លារ៕