(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រោមគោលនយោបាយដ៏ត្រឹមត្រូវ រឹងមាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រទេសជាតិមានសុខសន្ដិភាព ប្រជាពលរដ្ឋរស់នៅមានសិទ្ធិ សេរីភាព និងមានឱកាសធ្វើការងារ សិក្សា ដើរកំសាន្ដជុំគ្រួសារ មិត្ដភ័ក្រ ដោយមិនខ្លាចពីភាពអសន្ដិសុខ។
លោកលើកទៀតថា ជាក់ស្ដែងដូចពេលនេះ និស្សិតរបស់យើង បន្ដមានឱកាសទៅសិក្សានៅក្រៅប្រទេស ដូចជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស៩៤រូប ដែលត្រូវទៅសិក្សានៅប្រទេសបារាំង ក្នុងពេលខាងមុខនេះ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតជយលាភីអាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សា នៅសាធារណៈរដ្ឋបារាំងក្នុងឆ្នាំ២០១៩នេះ ដែលប្រព្រឹត្ដទៅនៅសាកលវិទ្យាល័យវិទ្យសាស្ដ្រសុខាភិបាល (ស.វ.ស) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
រដ្ឋមន្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ឱកាសដែលក្មួយៗ ទទួលបានការសិក្សារហូតដល់ក្រៅប្រទេសនេះ ក៏ដោយសារតែប្រទេសយើងមានសុខសន្ដិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខ ដែលធ្វើឱ្យក្មួយៗបានមកសិក្សា និងធ្វើដំណើរកំសាន្ដជួបជុំគ្រួសារ ដោយគ្មានភាពភ័យខ្លាច ពីបញ្ហាសន្ដិសុខអ្វីនោះឡើយ មិនដូចសម័យប៉ុលពលនោះទេ ដែលលំបាក និងគ្មានសិទ្ធិធ្វើអ្វីទាំងអស់ សូម្បីតែសិទ្ធិរស់រាន»។
លោកថា គោលនយោបាយ បើកទូលាយ និងកិច្ចសហការជាមួយសាធារណរដ្ឋបារំាងបានល្អ រួមទាំងមានការឧបត្ថម្ភគាំទ្រពីសាស្ដ្រាចារ្យខ្មែរ-បារំាង ជួយបណ្ដុះបណ្ដាល និស្សិតយើងទាំងអស់ ហេតុនេះហើយ ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ តាមឯកទេសរៀងៗខ្លួន យកមកចែករំលែកដល់និស្សិតនៅកម្ពុជាយើងបន្ដ ដើម្បីបង្កើតធនធានយើង ឱ្យកាន់តែមានល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្ដិការប្រកបដោយផ្លែផ្កា រវាងសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងភាគីបារាំង ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនគុណភាព នៃការអប់រំក្នុងវិស័យសុខាភិបាល និងបញ្ជាក់អំពីជោគជ័យមួយ ក្នុងការកសាងសមត្ថភាព ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្ដគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
លើសពីនោះ រដ្ឋមន្ដ្រីក៏បានកោតសរសើរ ចំពោះនិស្សិតជយលាភីអាហាររូបករណ៍ថ្នាក់ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ តាមឯកទេសរៀងៗខ្លួន រហូតទទួលបាននូវការជ្រើសរើស ឱ្យទៅធ្វើការសិក្សាបន្ដនៅប្រទេសបារំាង នាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានោះ សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស បានឱ្យដឹងផងដែរថា ចាប់ពីឆ្នាំ១៩៩៦មក តាមរយៈកិច្ចសហប្រតិបត្តិការជាយូរលង់ ជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំង ប្រចាំកម្ពុជា ស.វ.ស បានបញ្ជូននិស្សិត ចុះកម្មសិក្សាតាមមន្ទីរពេទ្យ នៅប្រទេសបារាំង ចំនួនពី៣០ ទៅ៤០នាក់ ក្នុងមួយឆ្នាំៗ។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៧ មាននិស្សិតវេជ្ជសាស្រ្ត ស.វ.ស (ផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស) សរុបចំនួន៦៨៦នាក់ហើយ បានបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។
ក្នុងឆ្នាំ២០១៨កន្លងទៅ និស្សិតស.វ.ស ចំនួន ៥០នាក់ (ក្នុងនោះមាននិស្សិតស្រី ១៩នាក់) បានទទួលអាហារូបករណ៍បន្តការសិក្សា នៅប្រទេសបារាំង (៤០នាក់ ក្នុងកម្មវិធី DFMS -Diplôme de Formation Médicale Spécialisée និង០៧ នាក់ ក្នុងកម្មវិធី DFMSA-Diplôme de Formation Médicale Spécialisée Approfondie) និងអតីតនិស្សិតស.វ.សចំនួន០៣នាក់ (ស្រី០១នាក់) ធ្វើកម្មសិក្សាជាStagiaires associés នៅប្រទេសបារាំង។
លោកសាស្រ្តាចារ្យ បានបន្តថា «នៅឆ្នាំ២០១៩នេះ ចំនួននិស្សិតដែលបានទទួលអាហារូបករណ៍ទៅប្រទេសបារាំង មានចំនួន ៩៤រូប ក្នុងនោះមាននិស្សិតជានារី ២១រូប បែងចែកជានិស្សិតជាប់ប៉ុស្តិ៍ Contingent National (CN) ចំនួន ៦៤រូប និងនិស្សិតជាប់ប៉ុស្តិ៍ Cooperation (CIU) ចំនួន ១៩រូប ដោយបែងចែកជា ២១ឯកទេស នៅតាមទីក្រុងចំនួន២២ នៅប្រទេសបារាំង។
ក្នុងឱកាសនោះ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក៏បានអបអរសាទរ និងរីករាយស្វាគមន៍ជានិច្ចដល់និស្សិតកម្ពុជាយើង ជាពិសេសបានជំរុញលើកទឹកចិត្ដដល់និស្សិតកម្ពុជា បន្ដខិតខំប្រឹងប្រែងបន្ដទៀត ក្នុងការក្រេបយកនូវចំណេះដឹង និងបច្ចេកទេសថ្មីៗបន្ថែមទៀត។
ព្រមជាមួយគ្នានោះដែរ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលបាននិងកំពុងបន្តគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕