(សៀមរាប)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ ឈ្មោះ សំ វុទ្ធី ហៅធី អាយុ៣៩ឆ្នាំ ក្រោយជននេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការបំផុសចលនាមហាជន ឲ្យចូលរួមផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ តាមការរៀបចំរបស់ទណ្ឌិត សម រង្ស៉ី។
សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះថា ជនត្រូវចោទឈ្មោះ សំ វុទ្ធី ហៅធី អាយុ៣៩ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ១២៦៥ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ពីបទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអង្គហេតុ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ គណនី Facebook ឈ្មោះ Sam Vuthy ដែលមានម្ចាស់ប្រើប្រាស់ឈ្មោះ សំ វុទ្ធី ដែលមានមុខងារ ជាអតីតក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ (របស់ក្រុមឧទ្ទាមក្រៅច្បាប់) បានចែកចាយបន្តនូវខ្លឹមសារ ត្រៀមៗ ០៩ វិច្ឆិកា ២០១៩។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ទៀតថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ជននេះបានចែកចាយបន្តនូវខ្លឹមសារលោក សម រង្ស៊ី ប្រកាសនាំពលករនៅថៃ ដើរកាត់ព្រំដែនចូលមកខ្មែរ ហើយកន្លងមកឈ្មោះ សំ វុទ្ធី ធ្លាប់បានចែកចាយនូវខ្លឹមសាររបស់លោក សម រង្ស៊ី ជាច្រើនលើកច្រើនសារ នៅក្នុងបណ្តាញសង្គម Facebook របស់ខ្លួន ដែលមានចេតនា រួមគំនិតក្បត់។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ជនត្រូវចោទ ឈ្មោះ សំ វុទ្ធី តាមរយៈបណ្តាញសង្គម Facebook ឈ្មោះ Vuthy Sam គឺបំផុសបំផុលឲ្យមហាជន ចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជា វិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនថា ជនត្រូវចោទឈ្មោះ សំ វុទ្ធី ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប៕