(រតនគិរី)៖ លោក កែវ ពិសុទ្ធ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះថា ម្ចាស់ហាងកាហ្វេបើកល្បែងស៊ីសងជល់មាន់តាមអញឡាញឈ្មោះ ប៊ួយ ធីង៉ុកហា ភេទស្រី ជនជាតិវៀតណាម ត្រូវបានដោះលែងឲ្យនៅក្រៅឃុំពិតប្រាកដមែន គឺរង់ចាំជម្រះក្តីនៅពេលក្រោយ។
នគរបាលក្រុងបានលុង បានប្រាប់ថា ជនជាតិវៀតណាមឈ្មោះ ប៊ួយ ធីង៉ុកហា ត្រូវបានដោះលែងឲ្យមានសេរីភាព កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ពោលគឺក្រោយឃុំក្នុងពន្ធនាគារភ្នំស្វាយបានជាង ១ខែប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី, កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងនគរបាលក្រុងបានលុង ក្រោមការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបហាងកាហ្វេបើកល្បែងជល់មាន់តាមអនឡាញ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភាររួមមាន៖ ម៉ូតូចំនួន២៧គ្រឿង, ទូរទស្សន៍ចំនួន០៣គ្រឿង និងម៉ាស៊ីនកត់ឆ្នោតចំនួន០១គ្រឿង៕