(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានសម្រេចធ្វើការចោទប្រកាន់បណ្តាញឧទ្ទាម៣នាក់ទៀតពីបទ រួមគំនិតក្បត់ ជាមួយទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការប្រកាសរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជនត្រូវចោទទាំងនោះរួមមាន ឈ្មោះ ញឹម គឹមញ៉ុល, ឈ្មោះ ងឹម គាថា និងឈ្មោះ សៅ ឧសភា ហៅ ស្រីមុំ ហៅ សភាមយូរ៉ា។ ការចោទប្រកាន់ខាងលើ ពាក់ព័ន្ធទៅនឹងសកម្មភាពកៀរគរ និងបំផុសបំផុលឱ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី។
បើតាម អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ គឺជនទាំង៣ បានធ្វើសកម្មភាពញុះញង់ប្រឌិតព័ត៌មានមិនពិតជាច្រើន ដោយចេតនាកៀងគរ ប្រមូលផ្តុំប្រជាពលរដ្ឋ និងសមាជិករបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងផ្តើមប្រហារផ្តួលរំលំរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោះតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ០៥(ប្រាំ) ទៅ ១០(ដប់)ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែ អ្នកពាក់ព័ន្ធនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចផុតពីសតាមបញ្ញត្តិពិសេស នៃមាត្រា ៨៥៨ នៃក្រមព្រហ្មទណ្ឌ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ៖