(ភ្នំពេញ)៖ «សូមប្អូនៗយុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសម្អាតអនាម៍យបរិស្ថានទាំងអស់ខិតខំបំពេញការងារ និងសូមកុំធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន ឬប្រតិបត្តិមេត្រីភាពបរិស្ថានតែមួយរយៈពេលខ្លី នៃកម្មវិធីគម្រោង ប៉ុន្តែត្រូវប្រតិបត្តិមេត្រីភាពបរិស្ថានជារៀងរាល់ថ្ងៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីកម្ពុជាមានបរិស្ថានស្អាត និងការពារភពផែនដីរបស់យើងជារៀងរហូត»។
នេះគឺជាការថ្លែងរំឭកដាស់តឿនរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះយុវជនស្ម័គ្រចិត្តជាង៥០០នាក់ ក្នុងឱកាសដែលលោកចូលរួមជាអធិបតីក្នុងកម្មវិធីសន្និបាត និងពិព័រណ៌បរិស្ថានក្រោមប្រធានបទ «បរិស្ថានស្អាត កំណើនទេសចរណ៍» រៀបចំឡើងដោយគម្រោងក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
យុវជនស្ម័គ្រចិត្តក្រោមគម្រោងក្រៀលកម្ពុជាប្រមាណជិត១០០០នាក់គ្រោងនឹងចូលរួមសកម្មភាពស្ម័គ្រចិត្តសម្អាតអនាម័យបរិស្ថាននៅបរិវេណប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ។
នៅក្នុងការត្រៀមរៀបចំចូលរួមសកម្មភាពសម្អាតអនាម័យបរិស្ថានខាងមុខ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានតម្រង់ទិសយុវជន ដោយផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសំណល់សំរាមដែលបរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជា ក៏ដូចជាដំណោះស្រាយមួយចំនួនដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងបន្តទៅកាន់ប្រជាពលរដ្ឋដែលនឹងអញ្ជើញមកលេងកម្សាន្តពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ។ យោងតាមរបាយការណ៍សំណល់សំរាមចំនួនប្រមាណជាង១ម៉ឺនតោនត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន។
ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង៣០០០តោនក្នុងមួយថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ប្រមាណ៤០០តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន៣ គឺ ១៧,៣% ក្នុងរាជធានីភ្នំពេញ ២០,៧%ក្នុងខេត្តសៀមរាប និង ៣៤% ក្នុងខេត្តព្រះសីហនុ។ ជាមធ្យមកំណើនសំរាមមានប្រមាណ ១០%ក្នុងមួយឆ្នាំ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សព្វថ្ងៃសេដ្ឋកិច្ចកម្ពុជាយើងកំពុងរីកលូតលាស់ សង្គមយើងកាន់តែចាយវាយកាន់តែច្រើន និងងាកទៅរកផលិតផលប្រើប្រាស់កាន់តែងាយស្រួល ដូចជាផលិតផលធ្វើពីប្លាស្ទិកដែលប្រើតែម្តងហើយ យើងបោះចោល។ នៅក្នុងប្រទេសកម្ពុជាតាមទីក្រុងធំៗ ប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកពី ៤០ ទៅ ៥២ ថង់ប្លាស្ទិកក្នុងមួយសបា្តហ៍។ ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ សូមបងប្អូនប្រជាពលរដ្ឋចាត់ទុកទីក្រុងទីប្រជុំជន និងកន្លែងផ្សេងៗទៀតដែលបងប្អូនរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថាជាផ្ទះរបស់បងប្អូន ដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ។
លោករដ្ឋលេខាធិការក្រសួង បរិស្ថាន នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់យុវជនស្ម័គ្រចិត្តទាំងអស់ ត្រូវមានមោទនភាពចំពោះសកម្មភាពស្រឡាញ់បរិស្ថាន និងខ្វល់ខ្វាយពីបរិស្ថានរបស់ខ្លួន និងសូមកុំរួញរា ឬបាក់ទឹកចិត្តនៅពេលបំណងប្រាថ្នារបស់ខ្លួន មិនទាន់បានសម្រេចជោគជ័យព្រោះការអប់រំ និងកែប្រែឥរិយាបថ និងបណ្តុះស្មារតីមនុស្សឱ្យស្រឡាញ់បរិស្ថានគឺត្រូវការពេលវេលា និងទាមទារនូវភពអំណត់ តស៊ូ ព្យាយាម និងអត់ធ្មត់ខ្ពស់បំផុត។
«អ្វីដែលខ្ញុំសូមផ្តាំផ្ញើ សូមកុំធ្វើតែមួយថ្ងៃ ប៉ុន្តែត្រូវមានប្រតិបត្តិបរិស្ថានស្អាតជារៀងរាល់ថ្ងៃ និងនៅគ្រប់ទីកន្លែងដើម្បីកម្ពុជាដែលជាផ្ទះរបស់យើងស្អាត»។ នេះគឺជាការថ្លែងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានថ្លែងអរគុណដល់ប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្តចូលរួមស្ម័គ្រចិត្តក្នុងការងារសង្គមជាពិសេសចូលរួមធ្វើឱ្យព្រះរាជាណាចក្រកម្ពុជារបស់យើងស្អាត មានភាពបៃតងកាន់ តែខ្លាំងឡើង។
លោកបានលើកឡើងថា យុវជនដែលបាននិងកំពុងត្រៀមចូលរួមសម្អាតអនាម័យ បរិស្ថាន ក្នុងអំឡុងព្រះរាជពិធីបុណ្យប្រពៃណីជាតិ អុំទូក អកអំបុក និងសំពះព្រះខែដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ១១ និង១២ ខែវិច្ឆិកាខាងមុខ ជាបេសកកម្មដើម្បីកម្ពុជាស្អាត បៃតងនិងផ្តល់នូវផាសុកភាពជូនដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនានៅព្រះរាជាណាចក្រកម្ពុជារបស់យើងកាន់តែច្រើន។ លោករដ្ឋលេខាធិការបានលើកឡើងថា នៅពេលនិយាយពីទេសចរណ៍ គេមិនអាចមិនគិតគូរដល់អនាម័យបរិស្ថានស្អាតនោះទេ ព្រោះថា សំរាមនិងកាកសំណល់កខ្វក់គឺជាសត្រូវ របស់វិស័យទេសចរណ៍។
បញ្ហាបរិស្ថានជាក្តីកង្វល់រួមរបស់យើងទាំងអស់គ្នា ដែលចាំបាច់ត្រូវចូលរួមគិតគូរតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ថ្នាក់តំបន់ និងសកលលោក ដើម្បីទប់ស្កាត់ ការពារកុំឱ្យមានការបំពុលគ្រប់ទម្រង់ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ សំដៅធ្វើឱ្យមាននិរន្តរភាពដល់ការប្រើប្រាស់ និងការអភិវឌ្ឍដោយចីរភាព។ ដូច្នេះហើយបានជា ក្រសួងបរិស្ថានបានខិតខំធ្វើកំណែទម្រង់ស៊ីជម្រៅ លើគោលនយោបាយកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ កំណែទម្រង់លើរចនាសម្ព័នគ្រប់គ្រងនិងដឹកនាំ រួមទាំងការធ្វើទំនើបកម្មស្ថានប័ន និងក្លាយជារដ្ឋបាលទំនើបបម្រើការងារប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋដែលប្រាថ្នាចង់បានការរស់នៅដែក្នុងសុខសន្តិភាព និងបរិស្ថានស្អាត មានមានភាពបៃតង។
ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងការផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹងបរិស្ថានដល់ប្រជាពលរដ្ឋសំដៅកែប្រែឥរិយាបថដើម្បី បង្កើនការចូលរួមគិតគូរ និងប្រតិបត្តិមេត្រីភាពបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការអប់រំបរិស្ថានគឺត្រូវបណ្តុះគំនិតពីក្មេងៗ ហើយផ្តើមចេញពីយើងគ្រប់គ្នាដែលជាមាតាបិតា លោកគ្រូអ្នកគ្រូ ដោយរៀបចំវិធីសាស្ត្រងាយៗ សប្បាយៗ ដើម្បីបង្រៀនដល់កូនៗ ឬសិស្សានុសិស្សលេងល្បែងកម្សាន្តដែលបង្កប់ន័យអប់រំពាក់ព័ន្ធនឹងការងារថែរក្សាបរិស្ថាន ក៏ដូចជាបណ្តុះកុមារឱ្យចេះគិតគូរដោះស្រាយបញ្ហានិងចេះស្រឡាញ់ ថែរក្សាបរិស្ថានដោយខ្លួនឯងតាំងពីតូចទៅដោយមិនចាំបាច់ រង់ចាំទាល់តែពេញវ័យបានធ្វើការអប់រំបរិស្ថាននោះទេ។
ការយកចិត្តទុកដាក់លើបរិស្ថានជាផ្នែកមួយដ៏សំខាន់នៅក្នុងការរស់នៅប្រចាំថ្ងៃដោយមិនអាចខានបាន។ ការលើកទឹកចិត្តកូនៗឱ្យសម្អាតអនាម័យបរិស្ថាននៅផ្ទះ និងសិស្សានុសិស្សឱ្យចូលរួមសម្អាតបរិស្ថានក្នុងសាលា ឱ្យពួកគេចេះទុកដាក់សំរាមបានត្រឹមត្រូវ និងចូលរួមសម្អាតអនាម័យក្នុងសហគមន៍ ជាកិច្ចការសាមញ្ញៗ ប៉ុន្តែបានបង្កបនូវគំនិតអប់រំ ផ្លាស់ប្តូរឥរិយាបថរបស់ពួកគាត់ បណ្តុះគំនិត ការបញ្ជ្រាបចំណេះដឹង និងសារៈសំខាន់នៃបរិស្ថាន និងជំរុញឱ្យកុមារចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។
កុមារងាយស្រួលអប់រំ ព្រោះបន្ទាប់ពីរៀនសូត្រ ឬដឹងឮហើយ ពួកគេនឹងអនុវត្តភ្លាម។ កាលណាពួកគេដឹង គេស្រឡាញ់ គេចូលចិត្ត គេនឹងថែរក្សាដោយយកចិត្តទុកដាក់ ហើយកុមារទាំងនេះនឹងក្លាយជាគំរូល្អក្នុងការថែរក្សាបរិស្ថាន និងជួយអប់រំដល់កុមារដទៃទៀតផងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ កុមារពិតជា មានតួនាទីសំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថានទាំងនៅសាលារៀន និងលំនៅឋានរបស់ពួកគេផ្ទាល់។
លោកបានថ្លែងបន្ថែមថា ក្នុងក្រខណ្ឌនេះ ក្រសួងបរិស្ថានបានសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡាបញ្ចូលការអប់រំបរិស្ថានចូលទៅក្នុងកម្មវិធីសិក្សា លើកកម្ពស់ការអប់រំបរិស្ថានដល់សិស្ស ចាប់ពីកម្រិតបឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាពនៅក្នុងគោលដៅបញ្ជ្រាបចំណេះដឹង និងចំណេះធ្វើអំពីបរិស្ថានដល់ក្មួយៗសិស្សានុសិស្ស។ ក្រៅពីនោះ ក្រសួងបរិស្ថានបានធ្វើការងារផ្សព្វផ្សាយអំពីបរិស្ថាននេះដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយចុះផ្ទាល់និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
ជាលទ្ធផល យើងសង្កេតឃើញថាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីបរិស្ថាន មានការចូលរួមកាន់តែច្រើន ក្នុងសម្អាតអនាម័យបរិស្ថាន និងមានការតាំងចិត្តខ្ពស់ក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ជាការពិតយើងនៅមានបញ្ហាជាច្រើនទៀតក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិដែលត្រូវបន្តដោះស្រាយ៕