(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៤០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ីអាណត្តិថ្មីរបស់លោក ចូកូ វីដូដូ (Joko Widodo) និងអនុប្រធានាធិបតីឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មី របស់ប្រធានាធិបតីឥណ្ឌូនេស៊ី និងអនុប្រធានាធិបតីឥណ្ឌូនេស៊ី។
ប្រធានាធិបតី ចូកូ វីដូដូ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២ របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ។ ពិធីចូលកាន់តំណែងរបស់លោកត្រូវប្រារព្ធ ធ្វើឡើងយ៉ាងអធឹកអធមដោយមានការអញ្ជើញចូលរួមពី មេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត។
នៅក្នុងឱកាសមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ីនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ។
លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក។ លោកក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយ ក្នុងការចូលរួមពិធីដ៏សែនមានអត្ថន័យមួយនេះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនលោកប្រធានាធិបតីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ខណៈអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយបានបំពេញទស្សនកិច្ចនៅកម្ពុជា៕