(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងចាកចេញពីកម្ពុជា ដើម្បីចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជថ្មីរបស់ជប៉ុន គឺព្រះចៅ Naruhito។
ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះចៅអធិរាជថ្មីរបស់ជប៉ុន នឹងធ្វើឡើងតាមប្រពៃណីជប៉ុននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។
ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុតដែលដាក់រាជ្យ ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។ ចំណែកឯ ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ព្រះអង្គជាផ្លូវការ ក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០៣ ខែឧសភា៕