(កណ្ដាល)៖ លោក ណុប រ័ត្ននិមល និងលោកស្រី តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី រួមជាមួយនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងពុទ្ធបរិស័ទចំណុះជើងវត្ត បានមានសទ្ធាច្រះថ្លាដង្ហែអង្គកឋិនទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តវិហារបិទមាស ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ។
អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា វិស័យព្រះពុទ្ធសាសនា នៅទូទាំងស្រុកមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នាពេលបច្ចុប្បន្ន។ ដោយឡែក វត្តវិហារបិទមាស នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់ជាចំណងដៃនូវសាលាធម្មសភាមួយខ្នង និងបានជួសជុលព្រះវិហារ ដែលបានចំណាយអស់ទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់តម្កល់ទុកជាទីសក្ការៈបូជាក្នុងវិស័យព្រះពុទ្ធសាសនា។
ក្នុងនាម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រធានថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង, លោក ណុប រ័ត្ននិមល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងលោកស្រី ជូនប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់តៗទៅមុខទៀត ដើម្បីដឹកនាំ និងធ្វើការអភិវឌ្ឍជាតិកម្ពុជា។
ទាក់ទងទៅនឹងការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមប្រឆាំង និងការប្រកាសក្ដែងៗនោះ លោក ណុប រតនា បានបញ្ជាក់ថា នេះគឺជាការភូតកុហក់ ទាញប្រជាភិថុតពីសំណាក់មេដឹកនាំពួកគេតែប៉ុណ្ណោះ ព្រោះទណ្ឌិតរូបនេះ មានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលចូលស្រុកនោះឡើយ។
លោកបានផ្តាំផ្ញើរដល់មន្ត្រីអាជ្ញាធរដែនដី ព្រះសង្ឃ និងពុទ្ធបរិស័ទប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងអភិវឌ្ឍន៍ជាតិកម្ពុជា នៅក្រោមដំបូលសុខសន្តិភាព។ លោកក៏បានវេរប្រគេនបច្ច័យ អង្គកឋិនទានវត្តវិហារបិទមាស មានចំនួន១០០លានរៀល សម្រាប់កសាងបន្ត។ ហើយបានប្រគេនដល់ព្រះចៅអធិការវត្ត ១០លានរៀល ព្រមទាំងនាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតា លោកយាយ ក្រុមប្រឹក្សាអាជ្ញាធរដែនដី យុវជន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត៕