(រតនគិរី)៖ ទេសរដ្ឋមន្ដ្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គអប់រំនយោបាយ សម្រាប់មន្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ជំនាន់ទី២៧ ដែលមានសិក្ខាកាមប្រមាណ៤០០នាក់ ដែលជាលោកគ្រូ-អ្នកគ្រូ និងសមាជិក សមាជិកាបក្ស នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី លី ធុជ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមបណ្តុះបណ្តាល និងលើកកម្ពស់ ធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេរបស់លោកគ្រូ អ្នកគ្រូ។
ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានជម្រាបដល់ លោកគ្រូ អ្នកគ្រូ អំពីសកកម្មភាព ដ៏អាក្រក់របស់ក្រុមក្បត់ជាតិ ដែលបានកំពុងឃុបឃិតជាមួយបរទេស ហើយបានដើរ ឃោសនាបង្កាច់បង្ខូចកេរ្តិ៍ និងកិត្តិយសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាពិសេសពួកក្បត់ជាតិទាំងនោះ បានកំពុងប្រើប្រាស់ ទ្រឹស្តីលទ្ធិប្រជាធិបតេយ្យ ក្លែងក្លាយ ឃោសនាតាមបណ្តាញសង្គមនានា ក្នុងគោលបំណងធ្វើឲ្យប្រទេសកម្ពុជា មានចលាចលសង្គម អស្ថេរភាពនយោបាយ គ្មានសន្តិភាព និងការអភិវឌ្ឍ ហើយពួកគេ ឆ្លៀតយកប្រយោជន៍នយោបាយផ្ទាល់ខ្លួន នៅពេលមានបញ្ហាទាំងអស់នោះកើតឡើង ដោយមិនបាន ខ្វាយខ្វល់អំពីផលប្រយោជន៍ជាតិ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋទាំងអស់ នៅពេលដែលប្រទេសជាតិមានចលាចល និងគ្មានស្ថិភាពនយោបាយកើតឡើង។
ទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំប្រឹងប្រែងកសាងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីសង្គមជាតិយើងទាំងមូល ក្នុងនោះរួមមាន ការកសាងសង្គមជាតិឲ្យកាន់តែខ្លាំងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ, កសាងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ, បង្កើតឱកាសទីផ្សារការងារ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កូនចៅយើងជំនាន់ក្រោយ និងសង្គមជាតិ។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវប្រកាន់នូវគោលការណ៍៩ចំណុច រួមមាន៖ ទី១៖ យល់កាន់តែស៊ីជម្រៅ និងការជឿទុកចិត្តលើគណបក្ស, ទី២៖ គាំទ្រឲ្យខ្លាំងខ្លានូវបន្ទាត់មូលដ្ឋានឈរលើគោលការណ៍របស់បក្ស, ទី៣៖ ក្តាប់ឲ្យបាននូវបទបញ្ជា និងការណែនាំផ្សេងៗ របស់បក្ស, ទី៤៖ រក្សាឲ្យបាននូវវិន័យរបស់បក្ស, ទី៥៖ លើកកម្ពស់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ, ទី៦៖ អនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងបក្ស, ទី៧៖ រក្សាឲ្យបាននូវវិធីសាស្រ្ត និងបែបបទក្នុងការជ្រើសរើសមន្រ្តីបក្ស, ទី៨៖ បន្តឲ្យមានសកម្មភាពជាប្រចាំរបស់គណបក្ស និងទី៩៖ រក្សាឲ្យនូវចរិកនយោបាយ ភាពស្មោះត្រង់ និងសុច្ចរិកភាព។
ជាចុងបញ្ចប់ លោក លី ធុជ ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា ទាំងអស់ត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពី ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យពហុបក្សយ៉ាងពិតប្រាកដ៏ និងចូលរួមរក្សាការពារ សន្តិភាពដែលកើតចេញពីយុទ្ធសាស្រ្ត «ឈ្នះឈ្នះ» និងការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល៕