(ភ្នំពេញ)៖ «ការផ្តល់ឈាម ស្មើនឹងការផ្តល់ជីវិត» ដែលត្រូវជាមួយនឹងតម្លៃស្នូលនៃចក្ខុវិស័យរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យមានផលវិជ្ជមានដល់ប្រជាជន និងសង្គមកម្ពុជាទាំងមូល។
នេះក៏មិនខុសពីឆ្នាំមុនៗកន្លងមក ដែលថ្នាក់ដឹកនាំ និងបុគ្គលិកស្ម័គ្រចិត្តជាច្រើនរូបនៃក្រុមហ៊ុន សាមសុង នូវតែបន្តកម្មវិធីការបរិច្ចាគឈាម ដើម្បីចូលរួមសង្គ្រោះជីវិតអ្នកដែលខ្វះខាត និងត្រូវការឈាមជាចាំចាច់។
កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់សាមសុង ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយធ្វើវាដោយផុសចេញពីសេចក្តីស្រឡាញ់ចេញពីបេះដូងពិតៗ និងការយកចិត្តទុកដាក់បំផុតចំពោះប្រជាជនកម្ពុជាផ្ទាល់តែម្តង។
ជាក់ស្តែងសកម្មភាពមនុស្សធម៌ ដែលថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាមសុង ធ្វើឡើងនៅថ្ងៃនេះ គឺមានគោលបំណងតែមួយគត់ គឺដើម្បីជួយសង្គ្រោះដល់ប្រជាជនកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការផ្គត់ផ្គង់ឈាម។
លោកវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា «ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ប្រសើរបំផុត ដែលមិនអាចកាត់ថ្លៃបាន និងមិនអាចខ្វះបាន ពិសេសសម្រាប់បងប្អូន ដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត។ តាងនាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្ដល់ឈាមដទៃទៀត ដែលបានចូលរួមក្នុងសកម្មភាពដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមលើកទឹកចិត្តឲ្យបន្តចូលរួម ពីព្រោះការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពរបស់យើងទេ ប៉ុន្តែថែមទាំងអាចជួយសង្គ្រោះជីវិតអ្នកដទៃបានថែមទៀតផង»។
ទន្ទឹមនឹងនោះ លោក សឹងហូ ឈយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានថ្លែងផងដែរថា «កម្មវិធីផ្តល់ឈាមនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមនុស្សធម៌ និងសង្គមដទៃទៀតជាច្រើន ដែលយើងតែងតែអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកជួយដល់សង្គម និងមនុស្សជាតិឱ្យមានភាពកាន់តែប្រសើរឡើង។ ព្រោះការផ្តល់ឈាមនេះ គឺជាសកម្មភាពដ៏ប្រសើរបំផុត និងមិនអាចកាត់ថ្លៃបាន សម្រាប់បងប្អូន ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ ដើម្បីទទួលបាននូវការសង្គ្រោះជីវិតទាន់ពេលវេលា»។
លោកបានបន្តទៀតថា «ការកសាងសង្គមមួយប្រកបដោយការទទួលខុសត្រូវ និងក្តីស្រឡាញ់ គឺត្រូវតែផ្តើមចេញពីយើងទាំងអស់គ្នា និងផ្តើមចេញដោយក្តីស្រឡាញ់ទាំងអស់គ្នា»។
ឆ្លៀតក្នុងឱកាសនោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) និងក្រុមហ៊ុន សាមសុង បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ ដែលមានសុខភាពល្អគ្រប់គ្រាន់ សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល៕