(រតនគិរី)៖ មន្រ្តីគណបក្សប្រជាជនកម្ពុជា សាខាមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរីជាង៤០០នាក់ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ចើញចូលរួមវគ្គអប់រំនយោបាយ របស់គណបក្សជំនាន់ទី២៧។
វគ្គអប់រំនយោបាយខាងលើនេះ ប្រារព្ធធ្វើនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្ស ចុះជួយខេត្តរតនគិរី។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការអប់រំនយោបាយដល់មន្រ្តីគណបក្ស និងយុវជនគណបក្ស ជាការងារដ៏មានសារៈសំខាន់មួយ ក្នុងការកសាង និងពង្រឹងគណបក្ស នៅគ្រប់ដំណាក់កាល ជាពិសេសម្រាប់បរិបទថ្មីការងារនេះ កាន់តែមានតួនាទីសំខាន់ចាំបាច់ថែមទៀត ដើម្បីធានាជោគជ័យរបស់គណបក្សទាំង ក្នុងពេលបច្ចុប្បន្ន ក៏ដូចតទៅអនាគតយូរអង្វែង។
លោកបានបញ្ជាក់ថា វគ្គអប់រំនយោបាយរបស់គណបក្ស គឺជាគោលការណ៍ចម្បង ដែលគណបក្សតែងតែប្រកាន់ យកតាំងពីដើមរៀងមក ដើម្បីពង្រឹងគោលជំហរ របស់មន្រ្តីគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈនេះគណបក្សបានសម្លៀង នូវឆន្ទៈមុតស្រួចរបស់មន្រ្តីគណបក្ស ដើម្បីឲ្យមន្រ្តីគណបក្សមានលទ្ធភាព គ្រប់គ្រាន់ក្នុងបំពេញភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា អាស្រ័យដោយបានបំពាក់នូវអាវុធដ៏មុតស្រួច និងភ្លឺថ្លានេះហើយបានជាកម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនយើងគ្រប់ជំនាន់កន្លងមកសម្រេចបានស្នាដៃធំៗ ជាប្រវត្តិសាស្រ្តមានជាអាទិ៍ ការតស៊ូ រំដោះជាតិ ការតស៊ូសង្រ្គោះជាតិ ការកសាងអភិវឌ្ឍប្រទេសជាតិ និងការការពារប្រទេសជាតិ ឲ្យមានភាពរឹងមាំនិងរីកចម្រើនដូចសព្វថ្ងៃនេះ។ ការបំពាក់នូវអាវុធនយោបាយ សតិអារម្មណ៍ និងចាត់តាំងជូនដល់មន្រ្តីគណបក្សយើងត្រូវ បានធ្វើឡើងសមស្របទៅតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិ ក៏ដូចជាសភាពការណ៍ជាក់ស្តែងរបស់គណបក្ស ក្នុងដំណាក់កាលបច្ចុប្បន្ននេះ៕