(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅទីស្តីការក្រសួងយុត្តិធម៌។
បើតាមលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា កិច្ចប្រជុំនោះ នឹងពិនិត្យលើបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន៤ ដោយមានទណ្ឌិតសរុប ៥១២នាក់ (ស្រី ៥៨នាក់)។
សូមជម្រាបជូនផងដែរថា ការបន្ថូរបន្ថយទោស និងលើកលែងទោស គឺសម្រាប់តែទណ្ឌិតណា ដែលគោរពលក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់ ហើយទណ្ឌិតអាចស្នើសុំបាន មានតែនៅក្នុងពេលប្រារព្ធ ពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ ដូចជា៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែប៉ុណ្ណោះ៕