(ភ្នំពេញ)៖ អំណោយ គឺជាភាសាសាមញ្ញមួយ ដែលត្រូវបានគេប្រើប្រាស់ជាទូទៅ មានន័យថាជាការឱ្យ ឬប្រគល់នូវវត្ថុ ឬទ្រព្យសម្បត្តិ ដោយស្ម័គ្រចិត្តទៅ បុគ្គលម្នាក់ទៀត។ ប៉ុន្តែក្នុងន័យច្បាប់ អំណោយត្រូវបានកំណត់ថា ជាការផ្តល់ឱ្យដោយមានឆន្ទៈឯកតោភាគី ចំពោះបុគ្គលដែលបានកំណត់ជាក់លាក់ ហៅថា «ប្រទានកម្ម» ។
តើប្រទានកម្មជាអ្វី? តើត្រូវធ្វើដូចម្តេចទើបប្រទានកម្មមានអានុភាពស្របនឹងច្បាប់? ដូចេ្នះដើម្បីឲ្យជ្រាបច្បាស់ ក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «ប្រទានកម្ម» មកធ្វើការបង្ហាញជូនសាធារណៈជនឲ្យបានយល់ដឹងដូចខាងក្រោម៖
យោងតាមមាត្រា ៥៦៨ នៃក្រមរដ្ឋប្បវេណី នៃព្រះរាណាចក្រកម្ពុជា ប្រទានកម្ម សំដៅដល់កិច្ចសន្យាមួយ ដែលត្រូវមានអានុភាព ដោយភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ទៅឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។
តាមរយៈនិយមន័យខាងលើនេះ ប្រទានកម្ម ត្រូវបានបង្កើតឡើង ដោយមានការព្រមព្រៀងរវាង អ្នកធ្វើអំណោយ ហៅថា ទាយក និង អ្នកទទួលអំណោយ ហៅថាបដិគ្គាហក តែប៉ុណ្ណោះ។
ប្រទានកម្ម អាចត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ ឬជាលាយល័ក្ខណ៍អក្សរ ហើយកម្មវត្ថុនៃកិច្ចសន្យាប្រទានកម្ម អាចជាវត្ថុ ប្រាក់ ប៉ុន្តែចំពោះ អចលនវត្ថុវិញ ប្រទានកម្មនឹងមានអានុភាពតាមផ្លូវច្បាប់ លុះត្រាតែបានធ្វើលិខិតយថាភូត។
យោងតាមច្បាប់ប្រទានកម្មត្រូវបានបែងចែកជា ៣ ប្រភេទ គឺ ប្រទានកម្មដោយមានកំណត់ពេល ប្រទានកម្មដោយមានភ្ជាប់បន្ទុក និងប្រទានកម្មដោយមូលហេតុមរណៈភាព៖
ក. ប្រទានកម្មដោយមានកំណត់ពេល៖ គឺជាប្រទានកម្ម ដែលធ្វើឡើងក្នុងគោលបំណងផ្តល់តាវកាលិកដោយមានកំណត់ពេលជាក់លាក់មួយ នឹងត្រូវបាត់បង់អានុភាព នៅពេលដែលទាយក ឬបដិគ្គាហកបានទទួលមរណៈភាព។
ខ. ប្រទានកម្មដោយមានភ្ជាប់បន្ទុក៖ ប្រទានកម្ម ដែលបដិគ្គាហកមានករណីយកិច្ចត្រូវបានអនុវត្ត ការផ្តល់តាវកាលិកជាកំណត់ ដើម្បីទទួលទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃប្រទានកម្ម ត្រូវហៅថា ប្រទានកម្មដែលមានភ្ជាប់បន្ទុក ។ ចំពោះទាយក នៃប្រទានកម្មដែលមានភ្ជាប់បន្ទុក អាចរំលាយកិច្ចសន្យាប្រទានកម្មដែលមានភ្ជាប់បន្ទុកនោះ នៅក្នុងករណីដែលបដិគ្គាហកមិនបានអនុវត្តបន្ទុក។
គ. ប្រទានកម្មដោយមូលហេតុមរណភាព៖ ប្រទានកម្មនេះនឹងមានអានុភាពនៅក្រោយពេលដែលទាយកបានទទួលមរណៈភាព។
មូលហេតុនៃការលុបចោលប្រទានកម្ម៖
ក. ការលុបចោលប្រទានកម្មដែលមិនធ្វើជាលាយល័ក្ខណ៍អក្សរ៖ ភាគីនៃកិច្ចសន្យាអាចលុបចោលកិច្ចសន្យាប្រទានកម្មនេះបាន ប្រសិនបើកិច្ចសន្យានោះមិនបានធ្វើឡើងជាលាយលក្ខណ៍អក្សរ។ ប៉ុន្ដែចំពោះផ្នែកដែលបានអនុវត្ដរួចហើយ គឺមិនអាចលុបចោលបានទេ។
ខ. ការលុបចោលប្រទានកម្មដោយសារអំពើរំលោភលើទំនុកចិត្ត៖ ទាយកអាចធ្វើការលុបចោលប្រទានកម្មបានក្នុងរយៈពេល ៥ ឆ្នាំ ប្រសិនបើទាយកបានដឹងថា បដិគ្គាហកបានធ្វើអំពើរំលោភលើទំនុកចិត្ដធ្ងន់ធ្ងរចំពោះខ្លួន ។
គ. ការលុបចោលប្រទានកម្មដោយសារភាពទីទ័លក្ររបស់ទាយក៖ ទាយកអាចធ្វើការលុបចោលប្រទានកម្មដែលបានអនុវត្ដហើយបាន ក្នុងរយៈពេល ៥ ឆ្នាំ គិតចាប់ពីពេលដែលបានអនុវត្ដ ប្រសិនបើទាយកនោះ បានធ្លាក់ខ្លួនក្នុងស្ថានភាពទីទ័លក្រ មិនអាចរក្សាជីវភាពរស់នៅ របស់ខ្លួនដោយផ្ទាល់បាន។
ជារួមមក យើងអាចធ្វើការសន្និដ្ឋានបានថា កិច្ចសន្យាប្រទានកម្ម គឺជាការស្ម័គ្រចិត្ត ក្នុងការប្រគល់នូវ វត្ថុ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឱ្យទៅភាគីម្ខាងទៀត ដោយមានភ្ជាប់បន្ទុក ឬករណីមរណភាពរបស់ភាគីជាដើម។
យ៉ាងណាមិញ ប្រទានកម្ម នៅតែអាចកែប្រែបាននៅពេលកិច្ចសន្យាប្រទានកម្មនោះ មិនបានធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ហើយផ្នែកមិនទាន់បានកើតឡើង ប៉ុន្តែចំពោះផ្នែកដែលបានអនុវត្តហើយ ទាយកក៏អាចធ្វើការទាមទារត្រលប់មកវិញ ក្នុងករណីមានការរំលោភលើទំនុកចិត្តធ្ងន់ធ្ងរ និងភាពទីទ័លក្ររបស់ទាយក ដែលការទាមទារអាចធ្វើបានក្នុងកំឡុងពេល ៥ ឆ្នាំ។
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងអ្នកស្រី នូ ពិសី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕