(ព្រៃវែង)៖ អនុប្រធានទី១ ព្រឹទ្ធសភា និងជាសមាជិកគណៈអចិន្ត្រៃ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ស៉ឹម កា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ នៅឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ត្រូវចូលថែរក្សាសុខសន្ដិភាព ដែលកម្ពុជាកំពុងតែមាននេះឲ្យបានគង់វង្ស និងការពារដាច់ខាតមិនឲ្យក្រុមក្បត់ជាតិមកបំផ្លាញ។
ក្នុងឱកាសដឹកនាំដង្ហែអង្គកឋិនទានទៅកាន់វត្តពង្ររង្ស៉ី ហៅវត្ដជ្រៃម្រាក់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ លោក ស៉ឹម កា បានអះអាងថា បើសិនប្រជាពលរដ្ឋរក្សាការពារសន្តិភាព មិនបានទេនោះ សមិទ្ធផលដែលយើងខំប្រឹងប្រែងធ្វើទាំងប៉ុន្មាននៅក្នុងវត្តនេះ ក៏ដូចជាផ្លូវថ្នល់ ដែលបងប្អូនចង់បានទៀតនោះ គឺមិនបានទៀតទេ ព្រោះយើងធ្វើថ្ងៃនេះ ស្អែកឡើងត្រូវបំផ្លាញដោយសារគ្មានសន្តិភាព។
លោក បានរំលឹកទៀតថា របបដែលគ្មានសន្តិភាពបងប្អូនដឹងហើយ ធ្លាប់ឆ្លងកាត់ហើយ តាំងពីឆ្នាំ១៩៧០ ដល់១៩៧៩ គឺអ្វីៗត្រូវរលាយអស់គ្មានសល់ នេះហើយរបបដែលគ្មានសន្តិភាព ដូច្នេះត្រូវរក្សាការពារ ឲ្យបាននូវសុខសន្តិភាព ដែលយើងមានរយៈពេល៣០-៤០ឆ្នាំមកនេះ។ សមិទ្ធផលដែលកើតមាន រហូតសព្វថ្ងៃនេះ គឺបានមកដោយសារតែប្រទេសយើងមានសន្តិភាពដែរ។
លោក អ៊ុង យា មេឃុំគោកគង់កើត ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋដែរថា សមិទ្ធផលជាច្រើននៅក្នុងឃុំគោកគង់កើត គឺសុទ្ធសឹងជាការឧបត្ថម្ភគាំទ្រកសាងដោយ លោក ស៉ឹម កា និងលោកស្រី ច្រើនជាងសប្បុរសជននានា ហើយសមិទ្ធផលទាំងអស់នេះ គឺបម្រើផលប្រយោជន៍ចំពោះប្រជាពលរដ្ឋទាំងអស់គ្នា មិនថាបក្សណានោះទេ ។
គួរបញ្ជាក់ថា អង្គកឋិនទាននេះ លោក ស៊ឹម កាបាននាំបច្ច័យចំនួន១៤៦,៤៧៥,០០០រៀល និងប្រាក់ដុល្លារចំនួន ២៨,៩១៦ដុល្លារ។ ជាមួយគ្នានេះ លោកបានផ្តល់ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចំនួន៥២០នាក់ក្នុងម្នាក់ៗ ទទួលបានក្រមាមួយ និងថវិកាចំនួន១០,០០០រៀល៕