(ភ្នំពេញ)៖ គណៈកម្មការសម្រាប់បែងចែកដីឡូត៌ ក្នុងតំបន់អភិវឌ្ឍន៌ខណ្ឌឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងអំពីការបែងចែកដីប្រទានកម្មរបស់រដ្ឋ ជូនប្រជាពលរដ្ឋ ចំនួន១៧៧ខ្នងផ្ទះ តាមរយៈការចាប់ឆ្នោត ដែលប្រព្រឹត្តទៅនៅសាលប្រជុំចាស់ជាន់ទី២ សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ជូនប្រជាពលរដ្ឋចំនួន១៧៧ខ្នងផ្ទះ ដែលកំពុងស្នាក់នៅលើដីចំណីផ្លូវសាធារណៈលេខ១៨០០ គម្រោងផ្លូវសាធារណៈមួយចំនួន (ប្លង់គោលតំបន់អភិវឌ្ឍន៍ឫស្សីកែវ) និងស្នាក់នៅលើដីឡូត៌របស់ប្រជាពលរដ្ឋ ដែលទិញពីសាលារាជធានីភ្នំពេញ (អតីតសាលាក្រុងភ្នំពេញ) ឬដីមានប័ណ្ណកម្មសិទ្ធិរួចហើយ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ឲ្យបានជ្រាបថា គណៈកម្មការសម្រាប់បែងចែកដីឡូត៌ជូនប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការបែងចែកដីប្រទានកម្មរបស់រដ្ឋ ជូនប្រជាពលរដ្ឋទាំង១៧៧ខ្នងផ្ទះ តាមរយៈការចាប់ឆ្នោត។
បើតាមសេចក្ដីជូនដំណឹងនេះ ប្រជាពលរដ្ឋទាំង១៧៧ខ្នងផ្ទះ ត្រូវចូលរួមចាប់ឆ្នោតដោយផ្ទាល់ទៅតាមកាលបរិច្ឆេទ និងទីកន្លែងខាងលើ ដោយភ្ជាប់មកជាមួយនូវសលាកបត្រ ឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធផ្សេងៗ៕