(ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមផ្តល់ជាកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ សូកាណូហាតា តីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែតុលានេះ ក្រោមវត្តមាននៃការអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីសំណាក់លោក សូហ្វីយ៉ាន់ ចាលីស រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនគរូបនីយកម្មឥណ្ឌូនេស៊ី លោកប្រធានពិធីការក្រសួងការបរទេសឥណ្ឌូនេស៊ី លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំអាស៊ាន ព្រមទាំងវត្តមាន លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូនេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌនេស៊ី ជាច្រើនរូប។
ឥស្សជនដែលចូលស្បថកាន់តំណែងសំខាន់ៗនេះ រួមមាន លោក ចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និង លោក ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។
បើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា, ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបដោយឡែកជាមួយ លោក ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន។
សូមបញ្ជាក់ថា លោក ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី អាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤៕