(ភ្នំពេញ)៖ វេជ្ជបណ្ឌិត Suthorn Bavornratanvech ជំនាញផ្នែកវះកាត់ឆ្អឹង មកពីប្រទេសថៃ បានឱ្យដឹងថា ការវះកាត់បែបសម័យថ្មី គឺជាការវះកាត់ដោយមានស្នាមរបួសតូច ហើយធ្វើឱ្យអ្នកជំងឺ មានការឈឺចាប់តិចតួច និងធ្វើឱ្យអ្នកជំងឺឆាប់ត្រឡប់ទៅបំពេញការងារវិញ ដោយប្រសិទ្ធភាពខ្ពស់ នេះជាវិធីសាស្ត្រមួយ បានយកទៅប្រើប្រាស់នៅក្នុងប្រទេសជឿនលឿន ដែលធ្វើឱ្យអ្នកជំងឺទទួលបានផលប្រយោជន៍ និងមានសារៈសំខាន់ពីការវះកាត់អបឆ្អឹងដោយវិធីសាស្ត្របែបទំនើបនេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោកវេជ្ជបណ្ឌិត បានឱ្យដឹងថា ជាទូទៅការវះកាត់បែបទំនើបនេះ វាមានសារៈប្រយោជន៍ជាច្រើនដល់អ្នកជំងឺរបស់យើងរួមមាន៖ ការវះកាត់មានស្នាមរបួសតូច មិនតែប៉ុណ្ណោះ ប្រសិនបើគ្រូពេទ្យនោះគាត់ មានបទពិសោធន៍ខ្ពស់ ការវះកាត់នឹងមានរយៈពេលខ្លី ការបាត់បង់ឈាមក៏តិច ហើយការវះកាត់នេះ វាធ្វើឱ្យប៉ះពាល់តិចទៅលើជាលិការស្បែក សាច់ដុំផ្សេងៗ ធ្វើឱ្យការឈឺចាប់របស់អ្នកជំងឺមានភាពតិចតួច ហើយអ្នកជំងឺមានភាពសប្បាយរីករាយ ព្រមទាំងឆាប់បានត្រឡប់ទៅបំពេញការងារ និងការធ្វើលំហាត់ប្រាណផ្សេងៗ បានយ៉ាងឆាប់រហ័សផងដែរ។
លោកវេជ្ជបណ្ឌិត បានបន្តថា សម្រាប់ការវះកាត់បែបទំនើបនេះ នៅក្នុងប្រទេសថៃ គឺលោកបានធ្វើកិច្ចការងារនេះ រយៈពេលជិត២០ឆ្នាំមកហើយ ដោយក្រុមគ្រូពេទ្យជំនាញជួយអ្នកជំងឺដែលរងគ្រោះដោយសារការបែកបាក់ឆ្អឹងបានយ៉ាងច្រើន ដែលមកទទួលសេវាវះកាត់នេះ ជាពិសេសផលពិបាកនៃការវះកាត់កាន់តែថយចុះជាបន្តបន្ទាប់ ដូច្នេះតិចនិកនៃការវះកាត់បែបទំនើបនេះ ត្រូវបានបណ្តាប្រទេសជាច្រើន ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍបានប្រើប្រាស់វិធីសាស្ត្រ ដើម្បីវះកាត់ព្យាបាលអ្នកជំងឺប្រភេទនេះផងដែរ។
លោកវេជ្ជបណ្ឌិត Suthorn Bavornratanvech បានបន្ថែមទៀតថា សម្រាប់ថ្ងៃនេះ លោកបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីក្រុមគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋទាំងអស់បានយល់ដឹងអំពីការវះកាត់ឆ្អឹងបែបទំនើប ព្រោះវាជាការព្យាបាលនេះវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសគឺបញ្ជូលនូវចំណេះផ្នែកវះកាត់ឆ្អឹងនេះ ដល់ក្រុមគ្រូពេទ្យឯកទេសព្យាបាលជំងឺឆ្អឹងបែកបាក់ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែយល់ច្បាស់ពីវិធីសាស្ត្រវះកាត់ដ៏ល្អនេះផងដែរ។
បច្ចុប្បន្ននេះ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានក្រុមវេជ្ជបណ្ឌិតជំនាញវះកាត់ឆ្អឹង ដែលមានបទពិសោធន៍ពេញលេញក្នុងការព្យាបាលបញ្ហាសន្លាក់ឆ្អឹង និងឆ្អឹងគ្រប់ផ្នែកនៃរាង្គកាយ។ ក្រុមគ្រូពេទ្យយើងមានកេរ្ត៍ឈ្មោះល្បីល្បាញ និងនាំមុខគេក្នុងការនាំយកនូវរបបគំហើយថ្មី នៃបច្ចេកទេសវះកាត់ឆ្អឹង មកកាន់ប្រទេសកម្ពុជា ព្រមទាំងមានសេវាព្យបាលបញ្ហារបួសផ្នែកឆ្អឹងខ្នង និងបញ្ហាអន់ថយនៃឆ្អឹងខ្នងផងដែរ៕