(សៀមរាប)៖ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
ការប្រគល់ទទួលនេះធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាលបេតិកភណ្ឌលេខ១២ ប្រាសាទព្រះខ័ន បន្ទាប់ពីមគ្គុទ្ទេសក៍ទេសចរម្នាក់បានប្រទះឃើញនិងប្រគល់ជូនភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌរក្សាទុកនៅវេលាម៉ោង ០២:៣០នាទី។
ទង្វើដ៏ស្មោះ្រតង់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការកោតសរសើរពីភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។
ជនជាតិខ្មែរគ្រប់រូប ជាពិសេសមជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ សូមយកចិត្តទុកដាក់ ស្មោះត្រង់ និងចូលរួមលើកស្ទួយតម្លៃជាតិសាសន៍ តម្លៃរមណីយដ្ឋានអង្គរ តាមរយៈភាពស្មោះត្រង់របស់ខ្លួនជាមួយភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពកក់ក្តៅ៕