(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន Bronze Axe Plc បានរៀបចំកម្មវិធីលើកទី២ជួបជុំម្ចាស់អាជីវកម្ម និងសហគ្រិនប្រមាណ ៨០នាក់ ដែលរៀបចំឡើងនៅសណ្ឋាគារ Raffle Le Royal ភ្នំពេញ ហើយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផងដែរ។
គោលបំណងក្នុងការរៀបចំកម្មវិធីជួបជុំនេះ គឺដើម្បីចែករំលែក ពីការអភិវឌ្ឍផ្នែកអចលនវត្ថុដែលកើតមានឡើងនៅខេត្តសៀមរាប បទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្មដល់សហគ្រិន ដែលបានចូលរួម និងធ្វើការណែនាំពីទស្សនវិស័យ និងចក្ខុវិស័យរបស់កុ្រមហ៊ុន Bronze Axe Plc។
ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចកម្ពុជា និងពីសក្កានុពលរបស់ខេត្តសៀមរាប ជាក់ស្តែងមានគម្រោងអភិវឌ្ឍន៍ជាច្រើនដែលនឹងកើតមានឡើងក្នុងខេត្តសៀមរាប មានដូចជាការវិនិយោគលើអាងចិញ្ចឹមត្រី និងជម្រកសត្វជិតផុតពូជ ព្រលានយន្តអន្តរជាតិថ្មី ផ្សារបណ្តែតទឹក និងគម្រោងធំៗជាច្រើនផ្សេងទៀត។
ដើម្បីជំរុញកំណើនទេសចរណ៍នៅខេត្តសៀមរាបបន្ថែមទៀត ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ )ICC-Angkor) រួមជាមួយអង្គការយូណេស្កូ )UNESCO) ប្រចាំកម្ពុជា បានជួបប្រជុំពិភាក្សាលើការជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ និងតំបន់ជុំវិញដែលរៀបចំឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោអធិបតីភាព រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។
ចម្បងជាងគេ គឺសៀមរាបត្រូវការការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍។
ក្រុមហ៊ុន Bronze Axe Plc បានរៀបចំគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីមួយ ដោយធ្វើការវិនិយោគទៅលើសំណង់ផ្ទះជាច្រើនប្រភេទ រួមទាំងផ្ទះសម្រាប់ជនចូលនិវត្តន៍ (Retirement Home) សណ្ឋាគារ និងរមនីយដ្ឋាន សួនអំពិលអំពេក កន្លែងកំសាន្ត (Theme Park) និងគម្រោងផ្សេរៗជាច្រើនទៀតនៅលើផ្ទៃដីប្រមាណ១៥០ ទៅ២០០ហិកតា។
ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា គម្រោងនេះនឹងក្លាយជាជំរើសថ្មីបន្ថែមទៀតសម្រាប់ភ្លៀវទេសចរណ៍ ដែលមកកំសាន្តនៅខេត្តសៀមរាប។
ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ប្រនស៍ អ៊ែកស៍ លោកស្រី Flora Chea បានឲ្យដឹងថា ក្រុមហ៊ុនមានចក្ខុវិស័យចង់ប្រែក្លាយតំបន់ដែលខ្លួនអភិវឌ្ឍន៍ ឲ្យទៅជាទីក្រុងថ្មីមួយ ហ៊ុមទៅដោយធម្មជាតិពណ័បៃតងស្របទៅនឹងខេត្តសៀមរាប ដែលជាតំបន់បេតិកភណ្ឌពិភពលោក។
លោកស្រីជឿជាក់ថា នៅ៥ឆ្នាំខាងមុខនេះ វិស័យអចលនទ្រព្យ និងសំណង់នៅខេត្តសៀមរាបនឹងមានមានការរីកលូតលាស់ជាខ្លាំង៕