(កណ្ដាល)៖ កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម ចំនួន៩៩នាក់ ក្នុងអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (Hands of Hope Community) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានទទួលភាពកក់ក្តៅ និងស្នាមញញឹមពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) តាមរយៈការចុះពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ការផ្តល់សម្ភារសិក្សា អាហារ និងភេសជ្ជជូនដល់ពួកគាត់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមានការអញ្ជើញចូលរួម ពីសំណាក់ក្រុមការងារស្ម័គ្រចិត្តធីតាជាច្រើននាក់ផងដែរ។
លោក ចាន់ សារិន នាយកអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍ បានថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អាគារសិក្សា សម្រាប់ក្មួយៗខ្សោយសតិបញ្ញា និងអូទីស្សឹមសិក្សា និងស្នាក់នៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងក្រុមការងារសមាគម TYDA ទាំងអស់ ដែលបានផ្ដល់នូវស្នាមញញឹម និងភាពកក់ក្តៅដល់ក្មួយៗនៅទីនេះ។
ចំណែកអាណាព្យាបាលរបស់ កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ក៏បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ ដែលឃើញលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះព្យាបាល យកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រ ដល់កូនរបស់គាត់។
តាមរបាយការណ៍របស់អង្គការ បានឲ្យដឹងថា ដោយឃើញពីចំនួនកុមារអូទីស្សឹម និងពិការខ្សោយបញ្ញាជាច្រើន ក្នុងខេត្តកណ្តាល ដែលពួកគេមិនទាន់បានមាន ឱកាសចូលរៀនឲ្យគ្រប់គ្នា ស្របតាមគោលការណ៍អប់រំជាតិ ប្រកបដោយគុណភាព និងចូលរួមក្នុងសង្គម តាមរយៈសកម្មភាពនានា។
ក្នុងរយៈពេលជិត៧ឆ្នាំមកនេះ អង្គការ HHC បានសហការជាមួយមន្ទីរអប់ររំ យុវជន និងកីឡា ខេត្តកណ្តាល ជួសជុលសាលាបានចំនួន៥កន្លែង និងបំពាក់សម្ភារតាមស្តង់ដារអប់រំពិសេស ដែលប្រើប្រាស់ថវិកា ចំនួន៤,៩៥៧,២០០ដុល្លារ ដែលថវិកានេះបានមកពីការឧបត្ថម្ភរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយក៏បានចុះឈ្មោះកុមារចំនួន៣០៧នាក់ ក្នុងស្រុកទាំង៣ ដើម្បីឲ្យកុមារពិការ ជាពិសេសកុមារី ពិការបានចូលរៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕