(ប៉ៃលិន)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង (CDX) បានសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង លើការជួញដូរឧបករណ៍និស្សន្ទ ដល់សាធារណជននៅក្នុងខេត្តប៉ៃលិន។
សិក្ខាសាលានេះជាគោលដៅទី៦នៃ សិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តប៉ៃលិន ដែលរៀបចំឡើងនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩។
សិក្ខាសាលានៅខេត្តប៉ៃលិន ជាគោលដៅទី៦ក្នុងឆ្នាំ២០១៩នេះ និងរៀបចំឡើងក្រោមការចូលរួមពីលោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃ គណៈកម្មការមូលបត្រកម្ពុជា, លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តនៃ រដ្ឋបាលខេត្តប៉ៃលិន និងលោក Lawrence Kook អភិបាលនៃ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង។ សិក្ខាសាលានេះរៀបចំឡើងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។
សិក្ខាសាលាតាមបណ្ដាខេត្តនេះ មានគោលបំណងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញាត្តិ និងឱកាសវិនិយោគដល់សាធារណៈជន នៅទូទាំងប្រទេសកម្ពុជា។
លោក អ៊ុន ប៊ុនលី បានបង្ហាញដល់អង្គសិក្ខាកាមទាំងមូលពាក់ព័ន្ធនឹង កិច្ចការអភិវឌ្ឍលើទីផ្សារឧបករណ៍និស្សន្ទ ដែលជាផ្នែកមួយដ៏សំខាន់នៃ គោលនយោបាយអភិវឌ្ឍលើទីផ្សារហិរញ្ញវត្ថុផងដែរ។
លោកបន្ថែមថា ការយល់ដឹងមួយនេះពិតជា មានសារប្រយោជន៍ខ្លាំងសម្រាប់សិក្ខាកាម ក្នុងការពង្រីកនូវចំណេះដឹង ក៏ដូចជាកាត់បន្ថយនូវកម្រិតហានិភ័យនៃ ការវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុមួយនេះ។ លោកបានលើកទឹកចិត្ត ឲ្យសិក្ខាកាមទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ ក្នុងការស្វែងយល់បន្ថែមអំពីបច្ចេកទេស និងបទពិសោធន៍ថ្មីទាក់ទងនឹង ការជួញដូរលើទីផ្សារឧបករណ៍និស្សន្ទនេះ។
លោក ជា បុល្លិកា បានផ្ដល់មតិបើកកម្មវិធីសិក្ខាសាលា តាមបណ្ដាខេត្តឆ្នាំ២០១៩ នៅខេត្តប៉ៃលិននេះ ហើយបានបញ្ជាក់ពី ទិសដៅរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទនៅកម្ពុជា។ លោក ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ស្របពេលកិច្ចខិតខំប្រឹងប្រែង ការពារវិនិយោគិនកំពុងបន្តយ៉ាងសកម្ម។
លោក បុល្លិកា បានឲ្យដឹងថា «បទប្បញ្ញាត្តិពាក់ព័ន្ធផ្សេងៗ ត្រូវបានដាក់ឱ្យអនុម័តជាបន្តបន្ទាប់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ ប្រសិទ្ធភាព និងតម្លាភាពនៅក្នុងទីផ្សារ។ ក្នុងនាមជាអាជ្ញាធរក៏មិនអាចភ្លេចពី ការការពារវិនិយោគិន យន្តការនៃការការពារវិនិយោគិនមួយដ៏សំខាន់ ក្នុងចំណោមយន្តការដែលមាននោះ គឺការរក្សាសុវត្ថិភាពសាច់ប្រាក់»។
លោក Lawrence Kook បានបង្ហាញពីក្ដីរំពឹងខ្ពស់លើសិក្ខាសាលា តាមបណ្ដាខេត្ត និងជឿជាក់ថា នឹងផ្ដល់អត្ថប្រយោជន៍ច្រើន ដល់វិនិយោគិន ដែលវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លោក Lawrence Kook ក៏ប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ នៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។
លោក Lawrence បានថ្លែងបន្ថែមថា «មុនបំណាច់ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជាបានធ្វើដំណើរ និងផ្ដល់ចំណេះជំនាញវិនិយោគ ដល់សាធារណៈជនគ្រប់ខេត្តក្រុង នៃប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះនឹងបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគ ក្នុងដែនដីសុវណ្ណភូមិនេះនៅពេលចូលរួមក្នុងពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេសក្នុង ខែវិច្ឆិកាខាងមុខនេះ»។
លោកបានបន្ដថា គិតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងខេត្តចំនួន១១រួចមកហើយរួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិននេះតែម្ដង។
លោកបញ្ជាក់ថា នៅលើឆាកអន្តរជាតិវិញក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit ឆ្នាំ២០១៨នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុងហុងកុង។
សម្រាប់អតិថិជនចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ ០២៣ ២២ ៧៧ ៧៧៕